ជំនួបរវាងប្រមុខដឹកនាំអាស៊ាន និងតំណាងយុវជនអាស៊ានឆ្នាំ២០២៤ ផ្តោតលើបញ្ហាជាច្រើន

គណៈប្រតិភូយុវជនអាស៊ាន និងប្រទេសទីម័រខាងកើត បានចូលរួមជំនួបជាមួយប្រមុខដឹកនាំអាស៊ាន ដែលជាកម្មវិធីមួយនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង៤៥ ស្ថិតនៅទីក្រុងវៀងចន្ទន៍នាថ្ងៃទី០៩ ខែតុលានេះ។

គណៈប្រតិភូយុវជនអាស៊ានបានដាក់ជូនថ្នាក់ដឹកនាំអាស៊ាន នូវសេចក្តីថ្លែងការណ៍ជាអានុសាសន៍របស់យុវជន ដែលត្រូវបានរៀបចំឡើងដោយតំណាងយុវជនអាស៊ាន-ទីម័រខាងកើតដោយផ្ទាល់នៅក្នុងកម្មវិធីកិច្ចសន្ទនាយុវជនអាស៊ានលើកទី៣ នៅថ្ងៃទី៦-៨ ខែតុលា ឆ្នាំ២០២៤ ខេត្តហ្លួងព្រះបាង ប្រទេសឡាវ។

តាមដានជាមួយយើង៖ Million Times

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍នេះផ្តោតលើបញ្ហា រួមមាន (១) សុខភាព និងសុខុមាលភាពសង្គមរបស់យុវជនអាស៊ាន (២) ការអប់រំ និងបណ្តុះបណ្តាល (៣) ឱកាសការងាររបស់យុជន (ជំនាញឌីជីថល) ជម្រុញសហគ្រិនភាព និងការកសាងបណ្តាញ (៤) ជម្រុញ និងពង្រឹងការចូលរួមរបស់យុវជន (៥) ប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាប័ន្ន និង (៦) ការគ្រប់គ្រង និងការចូលរួមរបស់ភាគីពាក់ព័ន្ធ។

នាឱកាសនោះ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមជាអានុសាសន៍សម្រាប់យុវជនអាស៊ាន ដូចខាងក្រោម៖

ទី១ ពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលមួយដ៏ផុយស្រួយ ដែលជម្លោះប្រដាប់អាវុធ នៅតែបន្តកើតឡើងគ្រប់ពេល និងគ្រប់ទីកន្លែង។ ជាក្តីព្រួយបារម្ភ យុវជននៅតាមតំបន់មួយចំនួននៃពិភពលោក បានចាប់ផ្តើមគិតថាសន្តិភាពជារឿងធម្មតា។ កត្តាទាំងនេះគួរតែជាកង្វល់  សម្រាប់បណ្តាថ្នាក់ដឹកនាំ និងយុវជន ព្រោះវាការទទួលខុសត្រូវរួមគ្នាសម្រាប់យើងទាំងអស់គ្នា  ក្នុងការការពារ និងថែរក្សាសន្តិភាពដែលមានស្រាប់ ប្រសើរជាងការកសាងសន្តិភាពដែលបានបាត់បង់រួចទៅហើយ។

ទី២ នៅពេលដែលវិសាលភាពនៃប្រព័ន្ធផ្សព្វផ្សាយសង្គមកាន់តែមានភាពសកម្មឡើង លោកលើកទឹកចិត្តឱ្យយុវជនមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួន ជាពិសេសនាយុគសម័យនៃព័ត៌មានក្លែងក្លាយ  និងព័ត៌មានទាក់ទាញការចាប់អារម្មណ៍ ដែលអាចរុញច្រានឱ្យ មានការបែកបាក់ក្នុងសង្គម។ ជាមួយគ្នានេះ យុវជនគួរតែប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីជំរុញការយល់ដឹងពីគ្នាទៅវិញទៅមក សុខដុមរមនា និងសាមគ្គីភាពក្នុងសង្គមដែលមានភាពសម្បូរបែប។ ម្យ៉ាងវិញទៀត យុវជនគួរជៀសវាងនូវទង្វើ ឬការបញ្ចេញមតិបែបជ្រុលនិយម ដែលអាចបណ្តាលឱ្យមានការបែកបាក់គ្នារវាងប្រជាជន និងសហគមន៍។

សម្រាប់ទី៣ លោក សុខ ចិន្តាសោភា បានលើកថា យើងកំពុងស្ថិតក្នុងពិភពលោកដែលមានការប្រកួតប្រជែងខ្ពស់។ ហើយរដ្ឋាភិបាលជាអ្នកទទួលខុសត្រូវលើការផ្តល់ឱកាសស្មើៗគ្នាសម្រាប់យុវជន នូវលទ្ធភាពទទួលបានការអប់រំជំនាញ និងការងារ។

ជាមួយគ្នានេះ យុវជនក៏ត្រូវមានការទទួលខុសត្រូវ នៅក្នុងការប្រើប្រាស់ ឱ្យអស់ពីលទ្ធភាពនូវកាលានុវត្តភាពទាំងនេះ ដើម្បីភាពរីកចម្រើនរបស់ខ្លួន  ក៏ដូចជាភាពរីកចម្រើននៃអនាគតរបស់សង្គមជាតិយើងទាំងមូល។ 

លោកថ្លែងថា៖ «ខ្ញុំលើកទឹកចិត្តដល់យុវជនរបស់យើងឱ្យប្រើប្រាស់គំនិតនវានុវត្តន៍ និងបច្ចេកវិទ្យាថ្មីៗ ដូចជាបញ្ញាសិប្បនិមិត្ត ដើម្បីជំរុញការផ្លាស់ប្តូរ និងបង្កើតដំណោះស្រាយចំពោះបញ្ហាប្រឈមដែលសង្គមរបស់យើងកំពុងជួបប្រទះ»៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី