ចំពោះមុខរដ្ឋមន្រ្តីថ្មី ទូតចិនឯកភាពជួយកម្ពុជាលើរឿងជាច្រើនជំរុញទេសចរណ៍

ក្រសួងទេសចរណ៍ និងស្ថានទូតចិនប្រចាំកម្ពុជា បានឯកភាពគ្នា ពង្រីកឱកាសក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍នៃប្រទេសទាំងពីរលើគោលការណ៍ជាច្រើន។ នេះបើតាមជំនួបរវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្ថានទូតចិន នឹងផ្តល់កិច្ចសហការល្អជាមួយក្រសួងទេសចរណ៍ក្នុងការរៀបចំព្រឹតត្តិការណ៍ធំៗ ក្របខណ្ឌឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន រួមមាន៖ ពិព័រណ៌ម្ហូបអាហារកម្ពុជា-ចិន វេទិកាទេសចរណ៍ និងវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា-ចិន ប្រារព្ធឡើងកម្ពុជា និងព្រឹត្តិការណ៍ពិព័រណ៌ទេសចរណ៍កម្ពុជា-ចិន ធ្វើឡើងនៅប្រទេសចិន។

តាមដានជាមួយយើង៖ Million Times

ស្ថានទូតចិន បានឯកភាពជួយជំរុញការចុះ MoU រវាងក្រសួងទេសចរណ៍នៃប្រទេសពីរ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យទេសចរណ៍។

ជាមួយគ្នានោះ ស្ថានទូតចិន ឯកភាពសហការជួយជំរុញក្រុមហ៊ុនទេសចរណ៍ចិនធំៗ បង្កើនជើងហោះហើរត្រង់រវាងបណ្តាខេត្ត និងក្រុងធំៗរបស់ប្រទេសចិនមកកាន់កម្ពុជា ព្រមទាំងឯកភាពសហការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជាឲ្យកាន់តែទូលំទូលាយដល់ប្រជាជនចិន និងជួយទប់ស្កាត់ព័ត៌មានក្លែងក្លាយដែលជះផលអវិជ្ជមានដល់កម្ពុជា។

បន្ថែមទៀតនោះ ស្ថានទូតចិន ឯកភាពពង្រឹង និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ទាំងនៅកម្ពុជា និងចិន។ លើសពីនេះ ភាគទីទាំងពីរ រៀបចំបិទឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ដែលគ្រោងនឹងប្រព្រឹត្តិនៅដើមខែមករា ឆ្នាំ២០២៥ខាងមុខ ព្រមទាំងមានគំនិតផ្តួចផ្តើមក្នុងការរៀបចំប្រធានបទថ្មីៗសម្រាប់ឆ្នាំបន្តបន្ទាប់៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រសួងទេសចរណ៍