នាយករដ្ឋមន្រ្តី ណែនាំឲ្យជ្រើសរើសប្រជាពលរដ្ឋក្នុងមូលដ្ឋានចូលធ្វើការនៅការដ្ឋានជីកប្រឡាយពីរទីតាំង

នាយករដ្ឋមន្រ្តី ផ្តល់គោលការណ៍ណែនាំទៅរដ្ឋមន្ត្រីក្រសួងធនធានទឹក ឲ្យផ្តល់ការយកចិត្តទុកដាក់ក្នុងការជ្រើសរើសប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីចូលធ្វើការនៅក្នុងការដ្ឋានសំណង់ទំនប់ស្ទាក់ទឹក កំពង់គោ និងស្ទឹងស្លាប់ ស្ថិតក្នុងខេត្តកំពង់ធំ។

ក្នុង​ឱកាសជិះទូកស្មាច​ចុះពិនិត្យ​តំបន់លិចទឹក​ដោយជំនន់ទឹកភ្លៀង​ និង​ពិនិត្យវឌ្ឍនភាពសំណង់​ស្ទាក់ទឹកកំពង់គោ​ ក្នុងខេត្តកំពង់ធំ​ កាលពីថ្ងៃសៅរ ទី១០ ខែសីហា សម្តេច ហ៊ុន ម៉ាណែត បានជជែកលេងជាមួយប្រជាពលរដ្ឋ និងបានសួរនាំអំពីស្ថានភាពទឹក ក៏ដូចជាការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋនៅទីនេះក្នុងពេលបច្ចុប្បន្ន និងពីមុនមក។

តាមដានជាមួយយើង៖ Million Times

ក្នុងពេលនោះ សម្តេចនាយករដ្ឋមន្រ្តីបានប្រាប់ប្រជាពលរដ្ឋអំពីផែនការមួយចំនួនរបស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងភូមិស្រុករបស់គាត់ រួមទាំងការកសាងទំនប់ស្ទាក់ទឹកកំពង់គោ ដែលនៅជិតនោះ ក៏ដូចគម្រោងធ្វើឲ្យប្រសើរឡើងនូវផ្លូវឆ្លងកាត់ភូមិរបស់គាត់នៅពេលខាងមុខ។ 

បន្ថែមលើនេះ សម្តេច ហ៊ុន ម៉ាណែត បានផ្តល់គោលការណ៍ណែនាំទៅលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ផ្តល់ការយកចិត្តទុកដាក់ក្នុងការជ្រើសរើសប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីចូលធ្វើការនៅក្នុងការដ្ឋានសំណង់ទំនប់ស្ទាក់ទឹកទាំងពីរ គឺទំនប់កំពង់គោ និងទំនប់ស្ទឹងស្លាប់។

សូមជម្រាបថា គម្រោងសំណង់ស្ទាក់ទឹកកំពង់គោ​ និង​ការដ្ឋាន​ស្ដារស្ទឹង​ស្លាប់​ ក្នុងភូមិសាស្រ្ដ​ឃុំកំពង់គោ​ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានសមត្ថភាពស្ដុកទឹកបានប្រមាណ ៣០០លានម៉ែត្រគូប​ សម្រាប់​បម្រើ​ការ​ស្រោចស្រព​លើ​ផ្ទៃដីបង្កបង្កើនផលកសិកម្ម​​ ដំណាំរួមផ្សំ​គ្រប់ប្រភេទ​ និង​បម្រើដល់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ​របស់បងប្អូន​ប្រជាពលរដ្ឋ​​​ នៅក្នុងក្រុង-ស្រុកចំនួន ៥នៃខេត្តកំពង់ធំ​ ដែល​រួមមាន​​​ក្រុងស្ទឹងសែន​ ស្រុក​កំពង់ស្វាយ ​ស្រុកសន្ទុក​ ស្រុកប្រាសាទបល្ល័ង្គ និង​ស្រុកសណ្តាន់។

ទន្ទឹមនឹងនេះក៏​បាន​​ដើរតួនាទីក្នុងការពង្វាងទឹកដែល​ធ្លាក់ពីប៉ែកខាងលើ​នៃខេត្តព្រះវិហារចូលទៅស្ទឹងសែន និង​ជួយកាត់បន្ថយហានិភ័យនៃការជន់​លិចក្នុង​ក្រុងស្ទឹងសែន និងតំបន់ជុំវិញផងដែរ៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ ផេកសម្តេច ហ៊ុន ម៉ាណែត