តម្លៃថតសម្រាប់អាជីវកម្មចាប់ពី៥០-៥០០០ដុល្លារនៅតំបន់អង្គរ ជាតម្លៃថេរមិនមានឡើងថ្លៃនោះទេ

អាជ្ញាធរអប្សរា បានចេញសេចក្តីជូនដំណឹងដើម្បីបញ្ជាក់ថា ​តម្លៃ​សេវា​សម្រាប់​ប្រភេទ​អាជីវកម្ម​ ដែល​បាន​កំណត់​ ​ក្នុង​សេចក្តី​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ទី​០២​ខែ​សីហា ​ឆ្នាំ ២០២៤​គឺ​ជា​តម្លៃ​សេវា​ដែល​បាន​អនុវត្ត​តាំង​ពី​អំឡុង​ឆ្នាំ​២០១២​មក​ម្ល៉េះ​និង​ពុំ​មាន​ការ​តម្លើង​តម្លៃ​ណា​មួយ​ឡើយ។ ​ក្នុង​នោះ​តម្លៃ​មួយ​ចំនួន​ទៀត​សោត​ក៏​ត្រូវ​បាន​កែ​សម្រួល​បន្ថយ​ផង​ដែរ​។​

តាមដានជាមួយយើង៖ Million Times

ការបកស្រាយនេះបន្ទាប់ពីមានការចុះផ្សាយ ក៏ដូចជាការពិភាក្សាគ្នានៅតាមបណ្តាញសង្គមមួយចំនួនពាក់ព័ន្ធនឹងតម្លៃសេវាកម្មថតវីដេអូ និងរូបភាព ដោយបានលើកឡើងថា មានតម្លៃថ្លៃជាដើម។ បើយោងតាម​សេចក្ដីជូន​ដំណឹង​របស់អាជ្ញាធរ​ជាតិ​អប្សរា​​ចេញផ្សាយកាលពីពេលថ្មីៗនេះ ​តម្លៃសេវាសម្រាប់​ការថត​លក្ខណៈ​អាជីវកម្ម​នៅក្នុង​តំបន់​អង្គរ ដោយ​ចាប់​ពី​៥០​ដុល្លារអាមេរិក ដល់​៥០០០ដុល្លារអាមេរិក​ ទៅតាមចំនួនថ្ងៃ។

ការ​ថតស្ប៉ត​ពាណិជ្ជកម្ម​ផលិតផល​ខ្នាតធំ ត្រូវ​បង់​ថ្លៃ​៥០០០ដុល្លារ​អាមេរិក​ សម្រាប់​ស្ប៉ត​ពាណិជ្ជកម្ម​អន្តរជាតិ​និងតម្លៃ ២០០០ដុល្លារ​សម្រាប់​ម្ចាស់​ស្ប៉ត​​ពា​ណិ​ជ្ជក​ម្ម​ជាតិ ​ហើយត្រូវ​ប្រើ​រយៈ​ពេ​ល​៥​ថ្ងៃ​​ដើម្បីទទួល​បាន​លិខិ​ត​អ​នុ​ញ្ញាតច្បាប់ឱ្យថត​នៅក្នុង​តំបន់​អង្គរ ។

ចំពោះ​ការ​ថត​ខ្សែភាពយន្តខ្នាតធំជាលក្ខណៈអន្តរជាតិ មានតម្លៃ ៤៥០០​​ដុល្លារ​អា​មេ​រិ​ក​​ និង​សម្រាប់ជាតិ​ប្រមាណ​៤៥០​ដុល្លារ​អាមេរិក ការ​ថត​ភាពយន្ត​ខ្នាត​តូច​​មានតម្លៃ​ប្រ​មា​ណ​ ១០០០ ​ដុល្លារ​អាមេរិក​ ។

ការ​ថត​ខ្សែភាពយន្តភាគ​ឬភាពយន្ត​សម្រាប់ចាក់​ផ្សាយតាមទូរទស្សន៍ខ្នាតធំ​​តម្រូវ​ឱ្យ​បង់ថ្លៃ ១​៥០០​ដុល្លារ​សម្រាប់​អន្ត​រ​ជាតិ និង​១៥០​​ដុល្លារ​ក្នុងមួយថ្ងៃ សម្រាប់​ទូរទស្សន៍​ក្នុងស្រុក ​និង​ការ​ថត​ខ្សែ​ភាពយន្ត​ភាគ​ ឬភាពយន្ត​ទូរទស្សន៍ខ្នាត​តូច ត្រូវ​​បង់​ប្រា​ក់​៩០០​ដុល្លារ​អាមេរិក សម្រាប់អន្តរជាតិ និង​៩០​ដុល្លារ​ក្នុងមួយថ្ងៃសម្រាប់​​ក្នុងស្រុក​ ហើយត្រូវ​សុំ​ច្បាប់​ចំនួន​១០​ថ្ងៃ​គិតតែ​ថ្ងៃ​ធ្វើ​​ការ ។ ជាមួយគ្នានោះ ​ម្ចាស់អាជីវកម្មថត​​វីដេអូ និង​រូបភាព ក៏មានជម្រើស​ផ្សេងៗទៀត ដែលមានតម្លៃទាប​ជាង​នេះ​ដោយ​អាជ្ញា​ធរ​កំណត់​តំបន់​ថត​ជូន។

សម្រាប់តម្លៃ​សេវា​សម្រាប់​ប្រភេទ​អាជីវកម្ម​នា​នា​ ដែល​បានដាក់​ឲ្យ​អនុវត្ត​មាន​ចំនួន​៤​ជម្រើស​និងអាចប្រើ​ប្រាស់​សេវា​​ជម្រើស​ណា​មួយ​តាម​តម្លៃ​សមរម្យ​ដែល​ចង់​បាន។ ទន្ទឹមនឹងនេះ  ​រាល់​តម្លៃ​សេវា​ទាំង​អស់​ត្រូវ​បង់​ផ្ទាល់​ទៅ​ក្នុង​ធានាគារជាតិ​សាខា​ខេត្តសៀមរាប៕



អត្ថបទ៖ នារតី