ថៅកែហនុមាន ច្រានចោលព័ត៌មានដែលថា ម៉ានី ប៉ាគីអាវ ទទួលបានលុយខ្ទង់លានដុល្លារពីតំណែងទូតសុច្ឆន្ទៈ

ថៅកែស្រីស្រាបៀរ ហនុមាន លោកស្រី ខៀវ សស៊ីលាភ បានចេញមកច្រានចោលពាក់ព័ន្ធនឹងការបង្ហោះសារលើបណ្តាញសង្គមដែលថាក្រុមហ៊ុនរបស់លោកស្រីចាយលុយលើតម្លៃខ្លួនស្តេចប្រដាល់ ម៉ានី ប៉ាគីអាវ ខ្ពស់រាប់រយលានដុល្លារដែលជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស។ 

បន្ទាប់ពីធ្វើដំណើរមកដល់កម្ពុជា ស្តេចប្រដាល់សកលពិភពលោក លោក ម៉ានី ប៉ាគីអាវ (Manny Pacquiao) បានចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្លាយជាទូតសុច្ឆន្ទៈផ្លូវការរបស់ក្រុម ហនុមាន ប៊ែវើរីជីស កាលពីថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២៤។

តាមដានជាមួយយើង៖ Million Times

ជុំវិញការប្រកាស ម៉ានី ប៉ាគីអាវ ជាទូតសុច្ឆន្ទៈ លើបណ្តាញសង្គមបាននិយាយពីតម្លៃខ្លួនរបស់ប៉ាគីអាវគឺខ្ទង់លានដុល្លារ។ លោកស្រី ខៀវ សស៊ីលាភ នៅលើបណ្តាញសង្គមផ្ទាល់ខ្លួននាព្រឹកថ្ងៃអាទិត្យនេះ បានលើកឡើងថា ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស មានមោទនភាព ដែលបានចូលរួមចំណែកបង្កើតព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ក្នុងការនាំយកពាក្យ «គុនខ្មែរ» («Kun Khmer») ទៅកាន់ឆាកអន្តរជាតិតាមរយៈនៃការប្រកួតរបស់កីឡាករលំដាប់ពិភពលោក លោក ម៉ានី ប៉ាគីអាវ (Manny Pacquiao) ដែលជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស។ 

ចំពោះការចំណាយឧបត្ថម្ភទៅលើទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស លោកស្រីបានអះអាងថា មិនដូចអ្វីដែលបានលើកឡើងតាមបណ្តាញសង្គមផ្សព្វផ្សាយនោះទេ ប៉ុន្តែក្រុមហ៊ុនហនុមាន ប៊ែវើរីជីស បានព្យាយាមធ្វើទៅតាមលទ្ធភាព ដែលអាចធ្វើទៅបាន ដើម្បីគាំទ្រ និងលើកស្ទួយវិស័យគុនខ្មែរនៅលើឆាកអន្តរជាតិ។

ទន្ទឹមនឹងនេះ លោកស្រី ខៀវ សស៊ីលៀប ជាស្ថាបនិកា និងជាអគ្គនាយិកា ក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស វាយតម្លៃខ្ពស់ និងអរគុណចំពោះលោក ម៉ានី ប៉ាគីអាវ (Manny Pacquiao) ដែលបានគោរពស្រលាញ់ប្រទេសកម្ពុជា និងយល់ព្រមទទួលយកការដាក់ពាក្យ «គុនខ្មែរ» («Kun Khmer») នៅលើសំលៀកបំពាក់របស់លោក ដើម្បីបង្ហាញខ្លួន និងឡើងប្រកួតកម្រិតពិភពលោក ដោយសេចក្តីសោមនស្សរីករាយ។

គួររំលឹកថា តាមរយៈភាពជាដៃគូ នៃការក្លាយជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន ហនុមាន លោក Manny Pacquiao បានលើកឡើងថា កិច្ចសហការមួយនេះ មិនត្រឹមតែជាការលើកកម្ពស់គុនតម្លៃនៃម៉ាកសញ្ញា ហនុមាន នោះទេ តែក៏ជាឱកាសផ្សាភ្ជាប់នូវវប្បធម៌ ក៏ដូចជាការរួមចំណែកលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរផងដែរ៕

អត្ថបទ៖ ផល កុសល រូបភាព៖ ហនុមាន