ល្បែងស៊ីសងគ្រប់ប្រភេទត្រូវបិទ មិនឲ្យកើតមានដាច់ខាតនៅភូមិសាស្រ្តខេត្តកណ្តាល

រដ្ឋបាលខេត្តកណ្តាលនឹងពង្រឹងការអនុវត្តច្បាប់ស្តីពីការបង្រ្កាបនិងទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ ដោយមិនត្រូវឲ្យកើតមានក្នុងភូមិសាស្រ្តខេត្តនេះឡើយ។ ជាមួយគ្នានោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មិនត្រូវចេញលិខិតអនុញ្ញាតឱ្យបើកល្បែងស៊ីសងគ្រប់ប្រភេទឡើយ ហើយមន្ត្រីឬអាជ្ញាធរណាដែលនៅតែចេញលិខិតបើកល្បែងស៊ីសងនឹងត្រូវផ្ដន្ទាទោសតាមច្បាប់ដែលបានកំណត់។

តាមដានជាមួយយើង៖ Million Times

លោក ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល ជាមួយក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់សម្ដេចនាយករដ្ឋមន្ត្រី ពាក់ព័ន្ធកិច្ចការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០២៤ ស្នើរឲ្យអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវត្រួតពិនិត្យឡើងវិញនូវទីតាំងល្បែងស៊ីសងទាំងឡាយដែលបានបិទនៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ត្រូវចុះពិនិត្យតាមដានឡើងវិញ មិនត្រូវឲ្យមានទីតាំងណាមួយបើកដំណើរការឡើងវិញនោះទេ។



ចំណែកលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាលឲ្យដឹងថា រដ្ឋបាលខេត្តបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់រដ្ឋបាលក្រុង ស្រុកទាំង១៣ទូទាំងខេត្ត ត្រូវអនុវត្តគោលការណ៍របស់សម្តេចនាយករដ្ឋមន្រ្តី ពាក់ព័ន្ធបញ្ហាក្មេងទំនើង គ្រឿងញៀន និងល្បែងស៊ីសងដែលកើតមាននៅក្នុងភូមិសាស្រ្តរបស់ខ្លួន។



ជាមួយគ្នានោះ លោក គួច ចំរើន ក៏បានណែនាំដល់មន្រ្តីទាំងអស់ត្រូវដកខ្លួនឲ្យផុតពីបញ្ហាល្បែងស៊ីសង។ បើមានមន្រ្តីណាពាក់ព័ន្ធនឹងល្បែងស៊ីសងត្រូវចាត់វិធានការតាមច្បាប់ដោយមិនមានការយោគយល់ឡើយ។



គួររំលឹកថា កន្លងមករដ្ឋបាលខេត្តកណ្តាលបានបិទក្រុមហ៊ុនល្បែងស៊ីសងគ្មានច្បាប់អនុញ្ញាតចំនួន ៨១៩ ទីតាំង ហើយនៅសល់៤ទីតាំង គឺក្រុមហ៊ុនដែលមានអាជ្ញាបណ្ណនៅមានសុពលភាព៕



អត្ថបទ៖ នារតី