ប្រហែសមិនបាន! ដង្កូវហ្វូងបំផ្លាញដំណាំស្រូវនៅខេត្តកំពង់ស្ពឺអស់ជិត២០០ហិកតា


ដង្កូវហ្វូងបានបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាន់តែច្រើនឡើងៗ ដោយគិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ផលប៉ះពាល់ដំណាំស្រូវមានចំនួនប្រហែលជិត២០០ហិកតាហើយ។ នេះដោយយោងតាមក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ។


ពាក់ព័ន្ធនឹងរឿងនេះ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានអំពាវនាវទៅដល់ប្រជាកសិករទាំងអស់ សូមចុះពិនិត្យស្រែជាប្រចាំ ដោយសារបច្ចុប្បន្ននេះស្ថិតនៅក្នុងដំណាក់កាលនៃការផ្ទុះឡើងដង្កូវហ្វូងនៅឡើយ។ លោកបន្តថា បើសិនជាប្រជាកសិករមានភាពយឺតយ៉ាវក្នុងការចុះពិនិត្យស្រែចម្ការ និងចាត់វិធានការកម្ចាត់មិនបានទាន់ពេលទេនោះ ដង្កូវហ្វូងអាចបំផ្លាញដំណាំស្រូវឬដំណាំផ្សេងៗទៀតក្នុងរយៈពេល២ទៅ៣ថ្ងៃអស់តែម្តង។ ជាក់ស្តែងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ដង្កូវហ្វូងបានបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករនៅខេត្តកំពង់ស្ពឺ ប្រមាណជា៦៥ហិកតាប៉ុណ្ណោះ ។ លុះដល់ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ផលប៉ះពាល់ដំណាំស្រូវមានចំនួនដល់ទៅប្រហែលជាជិត២០០ហិកតា។

តាមដានជាមួយយើង៖ Million Times


ដើម្បីទប់ស្កាត់ការរីករាលដាលដង្កូវហ្វូង លោកបានដឹកនាំមន្រ្តីជំនាញចុះពិនិត្យនិងនាំយកដ្រូនបង្ហោះបាញ់ថ្នាំកសិកម្មកម្ចាត់ដង្កូវនៅតាមដីស្រែប្រជាកសិករផងដែរ។


ជាមួយគ្នានោះលោកបានបន្ថែមថា ប្រសិនបើប្រជាកសិករជួបប្រទះនឹងដង្កូវកំពុងបំផ្លាញដំណាំស្រូវ សូមរាយការណ៍ឬធ្វើការទាក់ទងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត។ មួយវិញទៀតអាចផ្តល់ព័ត៌មានទៅមន្ត្រីកសិកម្មនៅតាមឃុំ-ស្រុក-ខេត្ត ដើម្បីជួយផ្តល់ការណែនាំផ្នែកបច្ចេកទេស ឬវិធីសាស្ត្រនៃការជ្រើសរើសថ្នាំកសិកម្មសម្រាប់បាញ់កម្ចាត់ដង្កូវនោះឱ្យទាន់ពេលវេលា៕



អត្ថបទ៖ នារតី