សម្តេច ហ៊ុន សែន៖ បណ្តាញសង្គម CoolApp បរទេសពិបាកជ្រៀតជ្រែកយកព័ត៌មានពីកម្ពុជា

ក្នុងនាមជាតួអង្គម្នាក់ចេញមកអំពាវនាវជនរួមជាតិឲ្យប្រើប្រាស់ប្រព័ន្ធបណ្តាញទំនាក់ទំនសង្គម CoolApp សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានសាកល្បងប្រើកម្មវិធី CoolApp ព្រមទាំងកត់សម្គាល់នូវភាពងាយស្រួល និងប្រព័ន្ធសុវត្ថិភាពសម្រាប់សន្តិសុខជាតិ។

ក្នុងបណ្តាញសង្គមផ្ទាល់ខ្លួនកាលពីថ្ងៃអាទិត្យ សម្តេច ហ៊ុន សែន បញ្ជាក់ពីគោលដៅរបស់សម្តេចក្រៅពីលើកទឹកចិត្តឲ្យកូនខ្មែរចេះស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្ត្រ ក្លាយជាផលិតផលខ្មែរ អ្វីដែលសម្តេចត្រូវគិតគឺសុវត្ថិភាពសម្រាប់សន្តិសុខជាតិ ដែលបរទេសពិបាកជ្រៀតជ្រែកយកព័ត៌មានពីកម្ពុជាបាន។ សម្តេចលើកឡើងពីប្រទេសដែលគេមានប្រព័ន្ធទំនាក់ទំនងរបស់គេ ដូចជា Wechat របស់ចិន, Zalo របស់វៀតណាម, Kakao Talk របស់កូរ៉េខាងត្បូង, Telegram របស់រុស្ស៉ី ដូច្នេះកម្ពុជាមាន CoolApp។

តាមដានជាមួយយើង៖ Million Times

សម្តេចសរសេរក្នុងន័យដើមយ៉ាងដូច្នេះថា៖ «រឿងសំខាន់មួយទៀតគឺការធានាដល់ទំនាក់ទំនងក្នុងប្រទេសរបស់យើង ក្នុងករណីបណ្តាញទំនាក់ទំនងរបស់បរទេសជួបការរអាក់រអួលដោយប្រការណាមួយ។ ដូចនេះមន្ត្រីរាជការស៉ីវិល និងកងកម្លាំងប្រដាប់អាវុធគួរបង្កើតឲ្យមាន CoolApp ដើម្បីធានាម្ចាស់ការលើរក្សាការសម្ងាត់ផង និងការដាច់ទំនាក់ទំនងពីប្រព័ន្ធបរទេសផង»។

បើតាមការបញ្ជាក់ក្នុងបណ្តាញសង្គម សម្តេចបានអះអាងជាថ្មីថា CoolApp ប្រើប្រព័ន្ធរក្សាការសំងាត់បំផុត គឺប្រព័ន្ធ Encryption ដែលពុំអាចមើល ឬអានសាររបស់យើងទេ សូម្បីតែក្រុមហ៊ុន CoolApp ផ្ទាល់ក៏ដោយ។ យើងមិនបានហាមឃាត់ មិនឲ្យបងប្អូនឈប់ប្រើប្រព័ន្ធដែលធ្លាប់ប្រើនោះឡើយ។

សម្តេចបន្ថែមថា «សម្រាប់ខ្ញុំបាន និងកំពុងប្រើ៨ប្រពន្ធ័រាប់ទាំង CoolApp ថ្មីផង។ តើមានអ្វីប្លែកពីប្រព័ន្ធផ្សេងទេ? សម្រាប់ខ្ញុំបានបញ្ចូលទៅក្នុងទូរស័ព្ទ៦គ្រឿង និងសាកល្បងប្រើប្រាស់ឃើញមានភាពងាយស្រួលលើចំណុច ៣គឺ៖ ១. ងាយស្រួលបង្កើតដោយមិនពិបាករកលេខកូដពីកន្លែងផ្សេង ឬរង់ចាំយូរ។ ២. បញ្ជូនសារជាអក្សរ រូបថត វីដេអូ និងសារសម្លេងបានលឿន។ ៣. ហៅនិយាយឆ្លងឆ្លើយនិង Video call បានយ៉ាងច្បាស់ល្អ។ សរុបមកវាប្រើ Internet តិចជាងប្រពន្ធ័ផ្សេងទៀត។

សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់បន្ថែមថា ចំណុចនេះជាការសាកល្បងរបស់សម្តេចប៉ុណ្ណោះបើបងប្អូនចង់សាកល្បងក៏សូមសាកល្បងមើលរាប់ទាំងប្អូននៅក្រៅប្រទេស ព្រោះបងប្អូនមួយចំនួនបានប្រើប្រាស់ប្រព័ន្ធនេះ ជាមួយសម្តេចរួចហើយ។

កាលពីប៉ុន្មានថ្ងៃមុន សម្តេច ហ៊ុន សែន បានលើកឡើងថា CoolApp មានលក្ខណៈស្តង់ដារដូចអន្តរជាតិ ធ្វើឡើងដោយក្រុមជំនួញបច្ចេកទេសខ្មែរជាច្រើននាក់ ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា IT។ កម្មវិធីទំនាក់ទំនងឆាត CoolApp នេះបានចំណាយពេលជាង៣ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០២១ មកដល់ឆ្នាំ២០២៤នេះ ដែលទើបចេញរូបរាងនៅពេលនេះ។

CoolApp មានមុខងារជាច្រើនរួមមាន Chat និង Call និង Video Call ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យ Data និង Call ស្ថិតក្នុងលក្ខណៈ Encryption និងសុវត្ថិភាពទាំងអស់ ដោយប្រើប្រាស់ប្រព័ន្ធ Internet Local (Dix) ដែលធ្វើឲ្យ Call ស្តាប់សំឡេងច្បាស់ និង Chat ផ្ញើរូបភាព វិដេអូ មានភាពរហ័ស ព្រោះ Internet មិនចេញទៅក្រៅប្រទេស៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ បណ្តាញសង្គម សម្តេច ហ៊ុន សែន