កូនខ្មែរបន្ទាយមានជ័យកែច្នៃដំណាំក្នុងស្រុកជាទឹកផ្លែឈើ សង្ឃឹមបានការគាំទ្រពីប្រជាជន២៥ខេត្តក្រុង

ដំណាំផ្លែឈើក្នុងស្រុកដូចជាផ្លែមៀន ផ្លែស្វាយដែលដាំដុះពីកសិករខ្មែរត្រូវបានកែច្នៃជាផលិតផលទឹកផ្លែឈើដូចជា ទឹកស្វាយ មៀនទឹកឃ្មុំ មៀនកំប៉ុង និងស្រាមៀន ដើម្បីជួយទ្រទ្រង់ជីវភាពកសិករខ្មែរ។

លោក អ៊ួន ឈៀន ប្រធានសហគមន៍កសិកម្មមៀនស្រុកម៉ាឡៃប្រាប់ពីមូលហេតុនៃការកែច្នៃជាទឹកផ្លែឈើនេះថា​ ដំបូងឡើយលោកជាកសិករខ្មែរនៅស្រុកម៉ាឡៃ​ខេត្តបន្ទាយមានជ័យ ហើយបានបង្កើតជាសហគមន៍មួយដែលមានអ្នកចូលរួម១៥០គ្រួសារ។ សមាជិកទាំងអស់សុទ្ធតែជាអ្នកដាំស្វាយនិងមៀន ប៉ុន្តែកាលពីប៉ុន្មានឆ្នាំមុនបានជួបវិបត្តិក្នុងការនាំចេញទៅក្រៅប្រទេសដែលនាំឲ្យកសិករខ្មែរជួបនូវការខាតបង់យ៉ាងខ្លាំង។ ម្ល៉ោះហើយ សហគមន៍របស់លោកក៏ងាកមកកែច្នៃដំណាំស្វាយនិងមៀនទាំងនេះមកជាទឹកផ្លែឈើ ដោយបានទៅរៀននៅប្រទេសថៃពីបច្ចេកទេសផងដែរ។

តាមដានជាមួយយើង៖ Million Times

លោកថា សហគមន៍របស់លោកបានដំណើរការតាំងពីឆ្នាំ២០១៩ ដោយចាប់ផ្តើមកែច្នៃជាទឹកផ្លែឈើនេះពីឆ្នាំ២០២១មក ព្រមទាំងមានការទទួលស្គាល់ពីក្រសួងថែមទៀតផង។ ទឹកផ្លែឈើទាំងនេះជំនួយសុខភាព និងមិនដាក់សារធាតុគីមីរក្សាទុកនោះទេ ហើយកំពុងចរាចរណ៍ដាក់លក់នៅតាមខេត្តក្រុងមួយចំនួនសិនប៉ុណ្ណោះ មិនទាន់បានគ្រប់ទីកន្លែងក្នុងប្រទេសឡើយ។

លោកថា បច្ចុប្បន្នផលិតផលទឹកផ្លែឈើរបស់សហគមន៍ស្រុកម៉ាឡៃកំពុងបញ្ច្រៀតចូលតាមទីផ្សារក្នុងស្រុកបណ្តើរៗហើយ ដោយបានដាក់លក់នៅភោជនីយដ្ឋានក្នុងបន្ទាយមានជ័យ ខេត្តសៀមរាប និងតាមភោជនីយដ្ឋានទេសចរណ៍តាមបណ្តាខេត្តផ្សេងៗទៀតព្រមទាំងមានគម្រោងលក់នៅតាមផ្សារទំនើបផងដែរ។ ប្រសិនបើទឹកស្វាយ ទឹកផ្លែមៀន មៀនកំប៉ុង ក៏ដូចជាស្រាមៀនទាំងនេះទទួលបានការគាំទ្រកាន់តែខ្លាំងពីប្រជាជនខ្មែរ លោកមានគម្រោងចែកចាយលក់ទូទាំងខេត្តក្រុងនៅកម្ពុជានិងនាំចេញទៅក្រៅប្រទេសផងដែរ។

លោករំពឹងថា ផលិតផលខ្មែរនឹងទទួលបានការគាំទ្រខ្លាំងពីប្រជាជនខ្មែរ ដើម្បីជាកម្លាំងចិត្តដល់កសិករខ្មែរក៏ដូចជាជួយបង្កើនប្រាក់ចំណូលដល់ពួកគាត់ផងដែរ៕

អត្ថបទ៖ នារតី