ទស្សនកិច្ចរយៈពេលខ្លីរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកមកកម្ពុជាដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង

លោក Lloyd James Austin III រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានមកបំពេញទស្សនកិច្ចនៅកម្ពុជាត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះក៏ត្រឡប់ទៅវិញភ្លាម កាលពីថ្ងៃទី៤ ខែមិថុនាម្សិលមិញ ក្នុងគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យជាច្រើន។

ក្នុងពិភាក្សាការងារនៅវិមានសន្តិភាពជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី លោក Lloyd James Austin III បានបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកទី២​ របស់លោកមកកាន់កម្ពុជា មានគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យជាច្រើនដែលប្រទេសទាំងពីរអាចធ្វើការរួមគ្នា ជាពិសេសលើវិស័យការពារជាតិ​​ ដោយសហរដ្ឋអាមេរិកនឹងត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការងាររួមគ្នាយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីរៀបចំដាក់ចេញនូវយន្តការក្នុងការកសាងទំនាក់ទំនង និងសហប្រតិបត្តិការរវាងគ្នា ឱ្យកាន់តែប្រសើរបន្ថែមទៀត។ 

តាមដានជាមួយយើង៖ Million Times

លោកបានឲ្យដឹងថា សហរដ្ឋអាមេរិកត្រៀមធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដែលនឹងធ្វើជាប្រទេសសម្របសម្រួលកិច្ចសន្ទនាការពារជាតិ អាមេរិក-អាស៊ាន ក្នុងឆ្នាំ២០២៤ នាពេលខាងមុខនេះ។ បន្ថែមលើនេះ លោកក៏បានកោតសរសើរអំពីជំនាញបោសសម្អាតមីនរបស់កងទ័ពកម្ពុជា ហើយលោកមានជំនឿជាក់ថា សហរដ្ឋអាមេរិក និងកម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការលើវិស័យបោសសម្អាតមីននេះបន្ថែមទៀត។

ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិក ហើយតាមរយៈដំណើរទស្សនកិច្ចរបស់លោក Lloyd James Austin III មកកម្ពុជានាឱកាសនេះ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ជាពិសេសលើវិស័យការពារជាតិ។

ជាមួយគ្នានេះ សម្តេចធិបតី ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Lloyd James Austin III នឹងផ្ដល់នូវកាលានុវត្តភាពថ្មីក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ ដែលរួមមាន​ ការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀន ជាដើម។ 

ក្នុងជំនួបដដែលនោះ សម្ដេចធិបតី និងរដ្ឋមន្ត្រីការពារជាតិអាមេរិកបានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាលើបញ្ហាសន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ ដើម្បីចូលរួមក្នុងការកសាងសន្តិភាព ស្ថិរភាព សាមគ្គីភាព និងវិបុលភាពនៅក្នុងតំបន់ និងអន្តរជាតិ ក៏ដូចជាផ្ដល់នូវអត្ថប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានពិភាក្សាគ្នាផងដែរអំពីយន្តការនានាសំដៅរៀបចំកិច្ចសហប្រតិបត្តិការឡើងវិញលើវិស័យមួយចំនួន ដូចជាការផ្លាស់ប្ដូរនិស្សិតផ្នែកកងទ័ពរវាងប្រទេសទាំងពីរ និង ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា-សហរដ្ឋអាមេរិក៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ ផេកសម្តេចធិបតី