ក្រសួងកំពុងពិចារណាគម្រោងដឹកជញ្ជូនទំនើបតាមកន្រ្តកខ្សែកាបក្នុងរាជធានីភ្នំពេញ

ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងពិនិត្យលើទំនើបកម្មលើសេវាដឹកជញ្ជូនសាធារណៈតាមរយៈកន្រ្តកខ្សែកាប (Cable Car) ដែលលើកយកដោយតំណាងក្រុមហ៊ុន Doppelmayr Group តាមរយៈ ក្រុមហ៊ុន World Bridge Group ។ 

នាព្រឹកថ្ងៃអង្គារ ទី២៨ ខែឧសភាម្សិលមិញ អ្នកតំណាងក្រុមហ៊ុន Doppelmayr Group បានធ្វើបទបង្ហាញពីសាវតា សកម្មភាពប្រតិបត្តិការនិងគម្រោងនានា ដែលក្រុមហ៊ុនបាននិងកំពុងអនុវត្តនៅតាមបណ្តាប្រទេសជាច្រើនជុំវិញពិភពលោកទាំងក្នុងតំបន់អាស៊ី និងអឺរ៉ុប។ ពិសេសគឺ សក្តានុពលនិងគុណសម្បត្តិនៃការជ្រើសយកការដឹកជញ្ជូនដោយ “កន្រ្តកខ្សែកាប” (Cable Car) មកបម្រើឱ្យវិស័យដឹកជញ្ជូនសាធារណៈនៅក្នុងតំបន់ទីក្រុង ទីប្រជុំជន និងតំបន់ទេសចរណ៍នានា។

តាមដានជាមួយយើង៖ Million Times

ជាមួយគ្នានេះ តំណាងក្រុមហ៊ុនក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនលើវិស័យដឹកជញ្ជូនសាធារណៈនៅក្នុងប្រទេសកម្ពុជា។ ជាពិសេសនៅភូមិសាស្ត្ររាជធានីភ្នំពេញផ្ទាល់ ដែលមាននិន្នាការងាកទៅរកការដឹកជញ្ជូនរួមមួយ ប្រកបដោយចីរភាព (Sustainability) និងការគិតគូរដល់បរិស្ថាន(Environmental Friendly)។

លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសាធារណការ បានបង្ហាញនូវចំណាប់អារម្មណ៍លើគម្រោង និងការសិក្សាបឋមនេះដោយមើលឃើញថានេះជាវិធីលើកកម្ពស់ការតភ្ជាប់ កាត់បន្ថយការកកស្ទះចរាចរណ៍ និងសម្រួលដល់ការស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងទីក្រុង និងទីប្រជុំជនឱ្យកាន់តែប្រសើរឡើងថែមទៀត។

ទន្ទឹមនឹងនេះ លោកស្រីបន្ថែមថា ក្រសួងក៏បាននិងកំពុងសិក្សាលើគម្រោងអភិវឌ្ឍន៍វិស័យដឹកជញ្ជូនសាធារណៈក្នុងទីក្រុងជាច្រើនទម្រង់ រួមមាន Subway, Monorail, AGT ជាដើម ពិសេសនោះគឺការតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិថ្មី មកកាន់រាជធានីភ្នំពេញ៕

អត្ថបទ៖ នារតី រូបភាព៖ ក្រសួងសាធារណការ