សមយុទ្ធជើងទឹកកម្ពុជា-ចិនលើកទី១ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករដែលចាប់ជំរឹតនាវាដឹកទំនិញ» ប្រើប្រាស់នាវាចម្បាំងនិងឧទ្ធម្ភាចក្រ ១៦គ្រឿង

សមយុទ្ធរួមគ្នានៅលើលំហរសមុទ្រនៅខេត្តព្រះសីហនុរវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹករបស់ចិន អស់រយៈពេល១២ថ្ងៃត្រូវបានបិទបញ្ចប់ហើយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ«ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករដែលចាប់ជំរឹតនាវាដឹកទំនិញ» ដោយមានការចូលរួមពីកងទ័ពជើងទឹកនៃប្រទេសទាំងពីរសរុប ៧៨២នាក់ ក្នុងនោះបានប្រើប្រាស់នាវាចំនួន ១៤គ្រឿង (កម្ពុជាមាននាវាចូលរួមចំនួន១១គ្រឿង ចិនមាននាវាចម្បាំង៣គ្រឿង) និងឧទ្ធម្ភាគចក្រចំនួន ០២គ្រឿង នៅក្នុងប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករដែលចាប់ជំរិតនាវាដឹកទំនិញ។

សមយុទ្ធជើងទឹកលើកទី១នេះ ធ្វើឡើងលើតំបន់ច្រកចន្លោះកោះតាង និងកោះរ៉ុងសន្លឹម ភូមិសាស្ត្រខេត្តព្រះសីហនុ ចេញពីកំពង់ផែស្វយ័ត ក្រុងព្រះសីហនុចែកជា ៣ក្រុមនាវា ក្រុមទី១៖ នាវាលេខ១១៤១ (នាវាបម្រើការ) ធ្វើដំណើរខាងស្តាំនាវាប្រតិបត្តិការ (ក្រុមទី២) ដើម្បីថតរូបភាព, នាវាលេខ៩៨៥ (នាវាបញ្ជា) ក្រុមទី២៖ នាវាលេខ១១៤៣-១១០៧-៦២៣-៦២៥-១១០៨-១១០៩ (នាវាប្រតិបត្តិការ) និងក្រុមទី៣៖ អូប័រ RHIB (គ.ជ.ស.ស) ចំនួន២គ្រឿង (បម្រើការ)។

តាមដានជាមួយយើង៖ Million Times

នាឱកាសបិទសមយុទ្ធជើងទឹកនាគមាសឆ្នាំ២០២៤នៅក្រុងព្រះសីហនុ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា «សមយុទ្ធជើងទឹកនាគមាសឆ្នាំ២០២៤នេះ ធ្វើឡើងក្នុងគោលបំណងពង្រីកទំនាក់ទំនងគ្នា ការពង្រឹងសមត្ថភាពយោធា និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ហើយសមយុទ្ធជើងទឹកនាគមាសឆ្នាំ២០២៤នេះ ដែរមិនមានការគំរាមកំហែងដល់ប្រទេសណាឡើយ»។

លោកបានអះអាងថា សមយុទ្ធកងទ័ពជើងទឹករវាងកម្ពុជា និងចិននាពេលនេះមិនមែនជាការគំរាមកំហែងដល់ប្រទេសណានោះឡើយដែលការធ្វើនេះគឺដើម្បីជាការផ្លាស់ប្តូរបទពិសោធន៍ពីរគ្នាទៅវិញទៅមក ក្នុងគោលបំណងបង្កើនសមត្ថភាពកងទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសគឺការប្រយុទ្ធប្រឆាំងភេរវកម្មតាមលំហរសមុទ្រ។

លោកក៏បានណែនាំមួយចំនួនដល់នាវឹកកម្ពុជា-ចិន ដែលជាសិក្ខាកាមត្រូវបន្តយកចិត្តទុកដាក់សហការគ្នាលើគ្រប់វិស័យ និងផ្លាស់ប្តូរបទ​ពិសោធន៍​ពីរគ្នាទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពជំនាញជាពិសេស​បច្ចេកវិទ្យាយោធា​ដែលមានការវិវត្តយ៉ាងលឿននាពេលបច្ចុប្បន្ននេះ។ ត្រូវប្រជុំផ្លាស់ប្តូរបទពិសោធន៍​ក្នុងការធ្វើ​សមយុទ្ធជើងទឹកនាគមាសឆ្នាំ២០២៤លើកទី១នេះ ដើម្បីដកពិសោធន៍ និងដាក់ចេញទិសដៅបន្តទៀត។ មួយវិញទៀតត្រូវបន្តលើកកម្ពស់សាមគ្គីភាពមិត្តភាព និងសហប្រតិបត្តិការតាមយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងកងទ័ពទាំងពីរដែលបានដាក់ចេញ ដើម្បីកសាងសហការតែមួយ និងជោគវាសនាតែមួយ៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ ក្រសួងការពារជាតិ