បន្ទាប់ពីចេវចូវអស់២ឆ្នាំ ទីបំផុតខេត្តព្រះសីហនុចូលជាសមាជិកពេញសិទ្ធសមាគមអន្តរជាតិនៃអភិបាលក្រុងនិយាយភាសាបារាំង

ក្នុងមហាសន្និបាតលើកទី៤៤ សមាគមអន្តរជាតិនៃអភិបាលក្រុងនិយាយភាសាបារាំង(Association Internationale des Maires Francophones, AIMF) នៅទីក្រុងឡូហ្សាន ប្រទេសស្វីស កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ខេត្តព្រះសីហនុទទួលបានការឯកភាពជាឯកច្ឆន្ទក្នុងការចូលរួមជាសមាជិកពេញសិទ្ធបន្ទាប់ពីកិច្ចសម្របសម្រួលអស់រយៈពេលជាង២ឆ្នាំកន្លងមក។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដែលបានដឹកនាំ គណៈប្រតិភូខេត្តចូលរួមមហាសន្និបាតនេះ បានគូសបញ្ជាក់ថា ការចូលជាសមាជិកបណ្តាញសកលនិងថ្នាក់តំបន់នៃសមាគមអន្តរជាតិនេះ នឹងនាំយកផលចំណេញជាច្រើនដល់ខេត្តព្រះសីហនុ តាមរយៈការធ្វើពិពិធកម្មកិច្ចសហប្រតិបត្តិការការទូតថ្នាក់មូលដ្ឋាន សេដ្ឋកិច្ច សង្គម ការចែករំលែកបទពិសោធន៍សម្រាប់បញ្ហាប្រឈមនានាថ្នាក់មូលដ្ឋាន វិនិយោគ ទេសចរណ៍-ល-។ 

តាមដានជាមួយយើង៖ Million Times

បន្ថែមពីនេះ ការចូលជាសមាជិក AIMF ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រទេសកម្ពុជា​និងខេត្តព្រះសីហនុ និយាយជារួមនិងដាច់ដោយឡែក ដូចជា៖ ការទទួលបានការបណ្តុះបណ្តាលពាក់ព័ន្ធនឹង ការរៀបចំទីក្រុង ការគ្រប់គ្រងបរិស្ថាន ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ និងការត្រៀមបង្ការនិងឆ្លើយតបនឹងគ្រោះមហន្តរាយ ព្រមទាំងការទទួលបានជំនួយនានាជាដើម។ លោកបន្ថែម។

សូមជម្រាបជូនថា ប្រទេសកម្ពុជាមានរាជធានី-ខេត្តចំនួន០៤ បានចូលជាសមាជិកនៃAIMFរួចមកហើយគឺ៖ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តកំពត ដែលខេត្តទាំងនេះបានបង្កើតនិងរក្សាទំនាក់ទំនងយ៉ាងល្អ ជាមួយសមាជិកបណ្តាញខេត្ត-ក្រុងក្នុងតំបន់ និងសកលលោក ព្រមទាំងទទួលបានចំណេះដឹង បទពិសោធន៍ និងអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការនានា ដែលជាផ្នែកមួយធានាដល់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ផ្តល់ឲ្យ