ព្រាហ្មបុរោហិតផ្សងប្រផ្នូលឃើញថា ស្រូវ ពោត សណ្តែកឆ្នាំនេះដឹងត្រូវប៉ាន់ហើយ

នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែឧសភានេះ កម្ពុជាបានរៀបចំព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ក្រោមព្រះរាជាធិបតីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដែលបានប្រារព្ធធ្វើនៅទីព្រះស្រែក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡា ស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល បានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»និងជាការដាស់តឿនក្រើនរម្លឹកដល់ប្រជាពលរដ្ឋថារដូវធ្វើស្រែចម្ការបានចូលមកដល់ហើយ។ 

តាមដានជាមួយយើង៖ Million Times

ក្រោយការច្រត់ព្រះនង្គ័លជានិមិត្តរូប ៣ជុំ គោឧសភរាជ ត្រូវបានព្រលែងឱ្យទៅបរិភោគអាហារទាំង៧មុខ រួមមាន ស្រូវ ពោត សណ្តែក ល្ង ស្មៅ ស្រា និងទឹក។ ក្នុងចំណោមអាហារទាំងនោះមានអាហារចំនួន៣មុខដែលគោឧសភរាជបានបរិភោគច្រើនជាងគេ ដោយក្នុងនោះស្រូវមានចំនួន ៩៥ភាគរយ ពោត ៩៥ភាគរយ និងសណ្ដែក ៨៥ភាគរយ។ 

តាមរយៈការបរិភោគរបស់គោឧសភរាជនេះ ត្រូវបានព្រាហ្មបុរោហិតផ្សងប្រផ្នូលឃើញថា ដំណាំកសិកម្មទាំង៣មុខនេះនឹងទទួលបានទិន្នផលល្អប្រសើរក្នុងឆ្នាំនេះ៕

អត្ថបទ៖ សាង តេជៈ