ក្រសួងរ៉ែរបស់លោក កែវ រតនៈ ប្រកាសប្តេជ្ញាចិត្តជាថ្មីបញ្ចប់នូវសកម្មភាពជីករ៉ែអនាធិបតេយ្យ

ក្រសួងរ៉ែ និងថាមពលរបស់លោក កែវ រតនៈ ប្រកាសប្តេជ្ញាបញ្ចប់នូវសកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែ​ដោយស្របច្បាប់ដែលនាំមកនូវផលប្រយោជន៍ជាតិជាច្រើន។ នេះបើតាមការជូនដំណឺងរបស់ខ្លួនកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។

ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ការធ្វើអាជីវកម្មរ៉ែ​ដោយស្របច្បាប់ដែលនាំមកនូវផលប្រយោជន៍ជាតិជាច្រើន មានជាអាទិ៍ ការបង្កើតឱ្យមានឱកាសការងារនៅនឹងកន្លែងនិងប្រយោល ការចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម និងការបំបាត់នូវផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិងសង្គម ព្រមទាំងចូលរួមចំណែកអភិវឌ្ឍសហគមមូលដ្ឋានតាមរយៈការធ្វើអាជីវកម្មរ៉ែប្រកបដោយចីរភាព។ 

ក្រសួងបន្តថា របរជីករ៉ែមាសរបស់ប្រជាពលរដ្ឋខ្មែរគឺមានតាំងពីយូរលង់ណាស់មកហេីយ​ ដែលតែងតែធ្វេីឡេីងជាលក្ខណៈគ្រួសារនៅពេលទំនេរពីការងារស្រែចម្ការ​សម្រាប់ផ្គត់ផ្គង់ជីវភាពបន្ថែម​ប្រេីប្រាស់ឧបករណ៍សាមញ្ញមាននៅក្នុងមូលដ្ឋាន​ និងមិនប្រេីប្រាស់សារធាតុគីមីដែលនាំឱ្យប៉ះពាល់ដល់បរិស្ថានទេ។ ប៉ុន្តែចុងក្រោយនេះ​ សកម្មភាពជីករ៉ែអនាធិបតេយ្យនៅតែបន្តមានកាន់តែធ្ងន់ធ្ងរជាមួយនឹងការប្រើប្រាស់សារធាតុគីមី រំសេវជាតិផ្ទុះថ្មបំបែក និងជីករូងអណ្តូងរ៉ែក្រោមដី ដែលអាចបង្កគ្រោះថ្នាក់បំផុត។ ក្រៅពីនេះសកម្មភាពអាជីវកម្មអនាធិបតេយ្យទាំងនេះ បន្តបង្កឱ្យមានការបាត់បង់ទ្រព្យសម្បត្តិជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន បង្កជាហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាព​​របស់អ្នកធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យខ្លួនឯង ព្រមទាំងប្រជាពលរដ្ឋ​នៅក្នុងនិងក្រៅមូលដ្ឋាន។

ជាមួយគ្នានេះ ក្រសួងរ៉ែ និងថាមពលសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យ បញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ ហើយចូលរួមទប់ស្កាត់ដោយធ្វើការជូនដំណឹងអំពីសកម្មភាពរ៉ែអនាធិបតេយ្យមកក្រសួងរ៉ែនិងថាមពល៕

អត្ថបទះ សាង តេជៈ រូបភាព៖ បណ្តាញសង្គម