ភរិយាឧកញ៉ា ចាប មួយហុង ម្ចាស់ហាងលក់សម្លៀកបំពាក់ លីម ហុង នាថ្ងៃមង្គលការកូនប្រុសច្បង លីម ហ្វីលីប ជាមួយកូនស្រីអ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ នៅតែត្រូវបានមហាជនកោតសរសើរពីសម្រស់ និងការរៀបចំខ្លួនជាមួយឈុតសម្លៀកបំពាក់យ៉ាងប្រណីត និងមើលទៅស្រស់ស្អាតថ្លៃថ្នូរបំផុតនាកម្មវិធីពិសេលពិសាលនោះ។

នាថ្ងៃមង្គលជ័យកូនប្រុសស្រី លោកស្រី លឹម សុខចេង បានរៀបចំសម្លៀកបំពាក់យ៉ាងស្រស់ស្អាតអស្ចារ្យសមជាភរិយាឧកញ៉ា ដែលមានជំនួញធំៗក្នុងដៃ និងសមជាថៅកែស្រីនៃហាងលក់សម្លៀកបំពាក់ លីម ហុង ដែលបានឈរជើងលើទីផ្សាររាប់សិបឆ្នាំ។
និយាយដល់ម៉ូដសម្លៀកបំពាក់របស់លោកស្រី សុខចេង រយៈពេល ២ ថ្ងៃ នៃថ្ងៃមង្គលការកូនប្រុសច្បងកាលពីសប្ដាហ៍មុននោះ ភរិយាសំណព្វចិត្តរបស់ឧកញ៉ា ចាប មួយហុង បានផ្លាស់ប្ដូរឈុតប្រពៃណីបុរាណខ្មែរ សំពត់ផាមួងបត់ អាវប៉ាក់ជាច្រើនម៉ូដ និងស្បែកជើងប្រេនល្បីៗជាច្រើនគូ។


លោកស្រី សុខចេង បានផ្លាស់ប្ដូរសម្លៀកបំពាក់១ឈុត ហើយស្បែកជើងក៏ដូរ១ គូថ្មីដែរ ក្នុងនោះមានដូចជាប្រេន Manolo Blahnik, Gianvito Rossi និង Jimmy Choo ជាដើម ដោយ ១ សម្រាប់ៗរបស់លំដាប់សេដ្ឋិនីរូបនេះ មានតម្លៃចាប់ពីជាង ១ ពាន់ដុល្លារ ដល់ ៣ ០០០ ដុល្លារឯណោះ។
ឈុតពណ៌លឿងថ្ងៃចូលរោងដ៏ប្រណីត និងស្រស់ស្អាត លោកស្រី លឹម សុខចេង បានជ្រើសយកស្បែកជើង Manolo Blahnik Yellow Satin Jewel Buckle Pumps តម្លៃ ១ ៣៧៦ ដុល្លារ។ ឈុតពណ៌បៃតង លោកស្រី លឹម សុខចេង បានប្រើស្បែកជើងGreen Satin Jewel Buckle Pumps តម្លៃ ១ ៣៧៦ ដុល្លារ ស៊ីគ្នាជាមួយគ្រឿងអលង្ការពេជ្រ។


ចូលមកដល់ឈុតទី ៣ នៃថ្ងៃទី ១ លោកស្រីបានគ្រងសម្លៀកបំពាក់ប្រពៃណីពណ៌ស្វាយ និងស្បែកជើង Gianvito Rossi 105 Pumps ត្រូវគ្នានឹងគ្រឿងអលង្ការមាស។
មកដល់ព្រឹកហែរជំនូន ថៅកែស្រីហាងលក់សម្លៀកបំពាក់ លីម ហុង បានគ្រងឈុតសំពត់បត់អាវប៉ាក់ពណ៌ទឹកប្រាក់ និងស្បែកជើងGianvito Rossi 105 Pumps តម្លៃប្រមាណ ១ ពាន់ដុល្លារ។ ចំណែកកូនស្រីទាំង ២ របស់សេដ្ឋិនីរូបនេះ គឺថាមិនឲ្យចាញ់ម្ដាយឡើយ ដោយកាន់កាបូប Hermès តម្លៃរាប់ម៉ឺនដុល្លារ ហើយរូបសម្រស់ទៀតសោតគឺស្រស់ស្អាតដូចម្ដាយ ហើយកម្ពស់វិញដូចម៉ូដែលតែម្ដង៕



អត្ថបទ៖ ឆដា, រូបភាព៖ The ring wedding cambodia



