ក្រោយភ្ជាប់ពាក្យ ២ ឆ្នាំ ពេលនេះកូនស្រីអ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ បង្ហាញរូបភាព Pre-wedding

កូនស្រីសេដ្ឋី អ៊ឹង ប៊ុនហ៊ូវ ដែល​បាន​ភ្ជាប់​ពាក្យ​ជាមួយ​កូន​ប្រុស​ថៅកែ​ហាង​លក់​សម្លៀកបំពាក់ លីម កាលពី​អំឡុង​ខែ​ធ្នូ ឆ្នាំ ២០២៤ កន្លង​ទៅ​នោះ ថ្មី​ៗ​នេះ​បាន​បង្ហាញ​សញ្ញា​ជិត​នឹង​ចូល​រោងការ​ហើយ​ ដោយ​​បញ្ចេញ​រូបភាព Pre-wedding។

តាមដានជាមួយយើង៖ Million Times

កូន​របស់​សេដ្ឋី អ៊ឹង ប៊ុនហ៊ូវ ប្រធាន​អគ្គ​នាយក​ក្រុមហ៊ុន ING Holdings Co., Ltd. មាន​ឈ្មោះ អ៊ឹង ស៊ីវឈីនស៊ី និង​អនាគត​ស្វាមី លីម ហ្វីលីប បាន​បញ្ចេញ​រូប​ថត Pre-wedding ជាច្រើន​សន្លឹក​នៅ​លើ​ទឹកដី​នៃ​ខេត្ត​សៀមរាប។

ក្នុង​ឈុត​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​យ៉ាង​ប្រណីត ថ្លៃថ្លា​គួរ​ជាទី​គាប់ចិត្ត​បូក​រួម​រូប​សម្រស់​កូន​ប្រុស​ស្រី​នៃ​ត្រកូល​អភិជន​ទាំង២ ធ្វើ​ឲ្យ​អនាគត​កូន​កំលោះ​កូន​ក្រមុំ​ទាំង​គូ​នោះ ដូច​ព្រះអង្គម្ចាស់ និង​ព្រះ​នាង​នៅ​ក្នុង​ព្រេង​និទាន។

គ្រួសារ​ដន្លង​នឹង​គ្នា គឺ​អ្នក​ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ និង​លោកស្រី ហេង សុខា ជា​អ្នក​មាន​គុណ​ខាង​ស្រី ចំណែក​​​ឧកញ៉ា ចាប មួយហុង និង​លោកស្រី លឹម សុខចេង ម្ចាស់​ហាង​លក់​សម្លៀកបំពាក់ លីម ហុង ជា​មេបាខាង​ប្រុស។ ការ​ផ្សារ​ជាប់​សាច់​ឈាម​នៃ​គ្រួសារ​ត្រកូល​អភិជន​ទាំង ២ បាន​កក្រើក​ខ្លាំង ព្រោះ​ទាំង​សងខាង​សុទ្ធតែ​ជា​អ្នក​មាន​កំពូល ក្នុង​ដៃ​កាន់កាប់​ជំនួញ​ជាច្រើន។

សម្រាប់​ថ្ងៃ​ចូល​រោង​ជ័យ​នៃ​កូន​ស្រី​ប្រធាន​អគ្គ​នាយកក្រុមហ៊ុន ING Holdings Co., Ltd. និង​កូន​កំលោះ​ឧកញ៉ា ចាប មួយហុង អាច​នឹង​រៀបចំ​ក្នុង​ពេល​ខាង​មុខ​នេះ៕

អត្ថបទ៖ ឆដា, រូបភាព៖ The ring wedding cambodia