មកមើលពីទិដ្ឋភាពភូមិគ្រឹះដ៏ធំស្កឹមស្កៃរបស់សេដ្ឋិនី សុខ រស្មី ឃើញហើយពិតជាគួរឲ្យចង់រស់នៅ

បើ​ទោះ​ជា​កម្មវិធី​ឡើង​ភូមិគ្រឹះ​របស់​សេដ្ឋិនី សុខ រស្មី ​ម្ចាស់​ក្រុមហ៊ុន​ស៊ីប៊ែល​ប៉ារីស និង​ក្រុម​គ្រួសារ បាន​រៀបចំ​រួចរាល់​តាំងពី​ថ្ងៃ ២៦ ខែ​មករា ឆ្នាំ ២០២៦ មក​ក៏​ដោយ តែ​ទិដ្ឋភាព​នៃ​ទ្រនំ​ដ៏​ធំ​របស់​អ្នក​ជំនួញ​រូបនេះ មិន​ទាន់​បាន​ឃើញ​ឡើយ ទើបតែ​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ។

តាមដានជាមួយយើង៖ Million Times

រូបភាព​បង្ហាញ​យ៉ាង​ពេញលេញ​នៃ​ភូមិគ្រឹះ​របស់​គ្រួសារ​នៃ​ម្ចាស់​អាណាចក្រ​ស៊ីប៊ែល​ប៉ារីស គឺ​លោកស្រី សុខ រស្មី ត្រូវ​បើក​បង្ហាញ​តាម​រយៈ​ក្រុមហ៊ុន​ថត​រូប​ដ៏​ល្បី ដែល​តែងតែ​ផ្ដិត​យក​រូបភាព​ក្នុង​កម្មវិធី​ជ័យ​មង្គល​នៃ​ត្រកូល​អភិជន​ក្នុង​ស្រុក។

ភូមិគ្រឹះ​ដែល​ទើប​នឹង​សាងសង់​រួច​ក្នុង​ពេល​ថ្មី​ៗ​នៃ​អ្នកឧកញ៉ា អ៊ូ ឆាយ និង​ភរិយា ដែលគេ​ស្គាល់​យ៉ាង​ច្បាស់​ថា​ជា​ឪពុកម្ដាយ​បង្កើត​​លោកស្រី សុខ រស្មី ត្រូវ​បាន​ចំណាយ​អស់​រាប់​លាន​ដុល្លារ ព្រម​ទាំង​ការ​រចនា​តុបតែង​ផ្សេង​ៗ​នៅ​ខាង​ក្នុង​គេហដ្ឋាន​ដ៏​ធំ​ស្កឹមស្កៃ​នោះ។

នៅ​ខាង​ក្នុង​ភូមិគ្រឹះ​នោះ ​សេដ្ឋិនី សុខ រស្មី ក៏​បាន​តុបតែង​ដោយ​អំពូល​គ្រីស្តាល់​តូច​ធំ វែង​ខ្លី ភ្លឺចិញ្ចាច រួម​ទាំង​បង្កាន់​ដៃ​ជណ្ដើរ​ដ៏​ប្រណីត​ពណ៌​មាស​កណ្ដាល​ផ្ទះ។ ម្ចាស់​ក្រុមហ៊ុន​ស៊ីប៊ែល​ប៉ារីស​បាន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​កិត្តិយស​អញ្ជើញ​ចូល​មើល​តាម​បន្ទប់​គេង​នៃ​សមាជិក​ម្នាក់​ៗ រហូត​ដល់​ភ្ញៀវ​លាន់មាត់​ភ្ញាក់ផ្អើល​ពី​ទំហំ​ដ៏​ធំ​របស់​បន្ទប់​នីមួយ​ៗ។

សម្ភារទំនើបៗ​ជាច្រើនបានតាំង​លម្អ និង​បើកបង្ហាញ​ឲ្យ​ឃើញ​ពី​ប្រណីតភាព​នៃ​​ការ​រស់នៅ​ដ៏​សម្បូរបែប​របស់​សេដ្ឋិនី សុខ រស្មី ព្រម​ទាំង​ក្រុម​គ្រួសារ៕

អត្ថបទ៖ ឆដា, រូបភាព៖ one memory