បើទោះជាតម្លៃមាសនៅតែបន្តឡើងថ្លៃមិនឈប់ ប៉ុន្តែវាមិនមែនជាបញ្ហាសម្រាប់លំដាប់ជួរមុខនៃអ្នកជំនួញ ឡៃ ស៊ូយៀក។ ជាក់ស្ដែងនាថ្ងៃបុកគ្រឹះសាងសង់រោងចក្រ Pha Pha Global ម្ចាស់រោងចក្ររូបនេះ បានពាក់មាសជ្រែកខ្លួន ជាមួយនឹងស្វាមីអ្នកឧកញ៉ា ឡាយ លីហួ។


សេដ្ឋិនីអនឡាញដ៏ល្បីល្បាញ ឡៃ ស៊ូយៀក និងស្វាមី ពាក់មាសតាំងពីក្បាលដល់ចុងជើង រួមទាំងសម្លៀកបំពាក់ពណ៌មាសថែមទៀតផង ឆ្លុះក្រហមឆ្អិនឆ្អៅ។ ទាំងខ្សែកក ខ្សែដៃ ក្រវិល ចិញ្ចៀន កាបូបរបស់អគ្គនាយិកា ក្រុមហ៊ុន Miss Sunflower រូបនេះរាប់សិបតម្លឹង ទាំងប្ដីទាំងប្រពន្ធ ដោយមិនគិតពីនាឡិការបស់ស្វាមីទៀតនោះ។
ម្ចាស់ប្រេន Miss Sunflower ឡៃ ស៊ូយៀក បានរៀបចំពិធីក្រុងពាលីយ៉ាងឱឡារិក ដើម្បីបុកគ្រឹះសាងសង់រោងចក្រផលិតគ្រឿងសម្អាងដ៏ធំមួយសម្រាប់ប្រេនខ្លួនឯង និងទទួលផលិតឲ្យប្រេនដទៃទៀតផងដែរ។



មុនបុកគ្រឹះសាងសង់រោងចក្រដែលចំណាយទុនរាប់សិបលានដុល្លារតែប៉ុន្មានថ្ងៃ ថៅកែស្រីឡេ Miss Sunflower រូបនេះ បានជះប្រាក់ជាង១ លានដុល្លារ ទិញ Rolls-Royce 2026 Cullinan Black Badge-GC Edition ចូលផ្ទះ។
ក្រៅពីជាម្ចាស់ប្រេន Miss Sunflower ដែលកំពុងផ្ទុះទីផ្សារខ្លាំងនាប៉ុន្មានឆ្នាំនេះ គ្រួសារសេដ្ឋិនី ឡៃ ស៊ូយៀក ក៏មានការ៉ាសឡាន H.Y 9999 Auto ផងដែរ៕













អត្ថបទ៖ ឆដា, រូបភាព៖ Lay Lihou


