ឧកញ៉ា គិត ស៊ូឡា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Royal Group International Company នាចុងសប្ដាហ៍បានឆ្លៀតឱកាសទំនេរពីការងារ ដើម្បីទៅជួយកិច្ចការរបស់អ្នកម្ដាយ គឺប្រធានសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន។

សមាគមសិល្បករខ្មែរបានរៀបចំកិច្ចការសប្បុរសធម៌ ដោយរៀបចំស្បៀងអាហារ ដើម្បីជួយដល់ជនភៀសសឹក និងវីរកងទ័ពជួរមុខ ដែលបានឈរជើងយ៉ាងរឹងមាំក្នុងការការពារទឹកដី។ ជាកូនប្រុសច្បងក្នុងគ្រួសារ ឧកញ៉ា គិត ស៊ូឡា មិនតែងអាក់ខានក្នុងការរំលែកកិច្ចការម្ដាយឡើយ ដោយជារឿយៗលោកបានបង្ហាញខ្លួន កន្លែងការងារលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន។
ក្នុងនាមជាកូនប្រុសតែងចែករំលែកការងាររបស់ម្ដាយ ហើយតាំងពីសមាគមសិល្បករខ្មែររៀបចំស្បៀងអាហារ និងសម្ភារចាំបាច់ ដើម្បីសម្រួលទុក្ខលំបាកដល់ប្រជាពលរដ្ឋភៀសសឹក និងកងទ័ពខ្មែរ ឧកញ៉ា គិត ស៊ូឡា តែងទៅជួយជានិច្ច ដោយដើរតាមគន្លងធម៌ឪពុកម្ដាយ។

នេះមិនមែនជាលើកទី១នោះទេ ដែលឧកញ៉ា គិត ស៊ូឡា បានទៅជួយការងារសមាគមសិល្បករខ្មែរ ដែលមានម្ដាយជាប្រធាន។ កន្លងមកកូនប្រុសច្បងរបស់ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បាននាំប្អូនប្រុសស្រីទាំង ៣ ទៅជួយវេចខ្ចប់ច្រើនដងមកហើយ។
នាឱកាសទៅជួយរៀបចំស្បៀងអាហារ និងសម្ភារចាំបាច់ម្ដងនេះ អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Royal Group International Company ក៏បានជួបជាមួយ Influencer ដ៏ល្បី JB ព្រមទាំងបណ្ដាសិល្បករ និងអ្នកជំនួញជាច្រើនរូបទៀត។

នាគ្រាដែលប្រធានសមាគមសិល្បករខ្មែរ ដឹកនាំសិល្បករទៅសម្ដែងនៅបារាំង កាលពីដើមខែ ១២ ឆ្នាំ ២០២៥ កន្លងទៅ ឧកញ៉ា គិត ស៊ូឡា ជាកូន ក៏បានទៅជួយមើលការខុសត្រូវ ការងាររបស់ម្ដាយដូចគ្នា។
គួររំលឹកផងដែរថា ចាប់តាំងពីថៃឈ្លានបានមកលើទឹកដីកម្ពុជានាអំឡុងខែ កក្កដា និងខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅគ្រួសារម្ចាស់ ក្រុមហ៊ុន Royal Group ទាំងមូល បានសស្រាក់សស្រាំដៃជើង ចូលរួមបរិច្ចាគ និងកៀរគរជំនួញ ដើម្បីជួយដល់អ្នកនៅជួរខាងមុខ៕




អត្ថបទ៖ ឆដា, រូបភាព៖ Khmer Artiste Association


