អនាគតបង​ប្អូនថ្លៃស្រី នៃគ្រួសារថៅកែហនុមាន ស្និទ្ធគ្នាគ្រប់ពេល

អ្នកនាង តាំង ប៉ោហ្គិច ហៅ Jade ដែល​ជា​ភរិយាលោក ផន មុតសុក្រឆពណ្ណ ហៅ Richie ​កូន​ប្រុស​របស់​អគ្គ​នាយិកា​ក្រុម​ប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស តែង​តែ​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ Nicole ដែល​ជា​គូស្នេហ៍​របស់ ផន មុតច័ន្ទឧត្តម ហៅ Erich។

តាមដានជាមួយយើង៖ Million Times

ទាំង Jade និង Nicole ពេល​ចូលរួម​កម្មវិធី​ផ្សេង​ៗ​របស់​ត្រកូល​អភិជន​ដូច​គ្នា តែងតែ​បាន​ថត​រូប និង​និយាយ​គ្នា​លេង ក្នុង​នាម​ជា​មនុស្ស​ស្រី​ ដែល​អនាគត​ក្លាយ​ជា​សាច់​ថ្លៃ​ពេញ​សិទ្ធិ និង​រស់នៅ​ក្នុង​ផ្ទះ​តែ​មួយ។

Nicole គឺជា​កូនស្រី​ឧកញ៉ា លាង ហួង ហើយ​ក៏​ជា​ចៅស្រី​សំណព្វ​របស់​លោក​អ្នកឧកញ៉ា ភាព ហៀក ស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង។ ជាក់ស្ដែង​ដូច​ក្នុង​កម្មវិធី​ភ្ជាប់​ពាក្យ ​កូន​ប្រុស​របស់​លោក​អ្នក​ឧកញ៉ា លាង ឃុន គឺ​កំលោះ​សង្ហា អ៊ឹង ពិសិដ្ឋ កញ្ញា Nicole ចូលរួម​ក្នុង​នាម​ជា​សាច់ញាតិ ចំណែក Jade ក្នុង​នាម​ជា​ភ្ញៀវ។

Jade និង Nicole ចុះ​សម្រុង​គ្នា​ខ្លាំង​ណាស់​គ្រប់ពេល អ្នក​ទាំង ២ នាក់​បាន​ជួប​មុខ​គ្នា​ពេល​ណា ក៏​ឱបថើប​គ្នា ក្នុង​នាម​ជា​អនាគត​បងថ្លៃ និង​ប្អូន​ស្រី​ថ្លៃ។ អនាគត​បងថ្លៃ និង​ប្អូន​ស្រី​ថ្លៃ​ទាំង ២ កើត​ចេញ​ពី​គ្រួសារ​ជំនួញ​ធំ​ប្រចាំ​ស្រុក​ខ្មែរ​ដូចគ្នា រូប​សម្រស់​ស្រស់​ស្អាត ហើយ​ការ​សិក្សា​រៀន​សូត្រ​នៅ​សាលា​លំដាប់​ល្បី​ៗ​មិន​ចាញ់​គ្នា​ឡើយ។

មិន​ត្រឹម​តែ​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​បែប​ជួបជុំ​កម្សាន្ត​ឡើយ Jade និង Nicole ក៏​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​សប្បុរស​ធម៌​ជាមួយ​គ្នា​ជា​ញឹកញាប់​ផង​ដែរ៕

អត្ថបទ៖ ឆដា, រូបភាព៖ One Memory