៣ ចំណុចសំខាន់ៗ អ្នកឧកញ៉ាវ័យក្មេង សំ សុខនឿន រៀនសូត្រពីឪពុកខ្លួន តាំងពីកុមារភាព

ជារឿយៗ​នៅ​ក្នុង​បទ​សម្ភាស​អ្នកឧកញ៉ា​វ័យក្មេង សំ សុខនឿន តែង​រំលឹក​ពី​ការ​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​របស់​លោក ជានិច្ចកាល​ត្រូវ​បាន​ឪពុក​លើក​ទឹកចិត្ត មិន​ឲ្យ​បោះបង់​ឡើយ។ ដូច​ពាក្យ​ចាស់​ខ្មែរ​តែង​ពោល​ថា “ស្លឹក​ឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​” ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន SAM SN Group មាន​ឪពុក​ជា​អ្នក​ធ្លាប់​​បួស​រៀន​អក្សរសាស្ត្រ​ខ្មែរ​ជាច្រើន​ឆ្នាំ មុន​កសាង​គ្រួសារ។

តាមដានជាមួយយើង៖ Million Times

ឪពុក​របស់​​អ្នកឧកញ៉ា​វ័យក្មេង សំ សុខនឿន ដែល​ជា​កូន​កសិករ​នៅ​ស្រុក​ក្រូចឆ្មារ ធ្លាប់​ធ្វើ​ស្រែ​ចម្ការ ​​មាន​ហត់នឿយ លំបាក តែ​លោក​មិន​​ភ្លេច​រំលឹក​កូន​ៗ ហើយ​អ្នក​ឧកញ៉ា​វ័យ​ក្មេង​រូប​នេះ ក៏​តែងតែ​ត្រងត្រាប់​ស្ដាប់​បង្គាប់​ទៀត​នោះ គឺ​ថា «មិន​ចង់​ហត់ មិន​ចង់​លំបាក គឺ​កូន​ត្រូវ​ខិតខំ​រៀន​សូត្រ​ឲ្យ​មាន​ចំណេះ ទោះ​ធ្វើការ​ឲ្យ​គេ​ក៏​បាន​ប្រាក់​ខែ​ខ្ពស់​ដែរ»។

អ្វី​ដែល​ឪពុក​តែងតែ​និយាយ​ប្រាប់ អ្នក​ឧកញ៉ា​វ័យក្មេង​មាន​មុខ​ជំនួញ​ច្រើន​ក្នុង​ដៃ​រូប​នេះ​ចងចាំ​តាំងពី​តូច រហូត​មក​ដល់​បច្ចុប្បន្ន។ មិន​តែ​ប៉ុណ្ណោះ​បណ្ឌិត សំ សុខនឿន តែង​ចាត់​ទុក​ឪពុក​ខ្លួន ​ជា​មនុស្ស​គំរូ ដែល​រៀន​សូត្រ​តាំង​ពី​កុមារភាព​នូវ ៣ ចំណុច​សំខាន់ៗ៖

១. គាត់​មិន​ដែល​បោះបង់​ការងារ​ដែល​គាត់​ធ្វើ ហើយ​មិន​ចូលចិត្ត​ពឹង​ពាក់​អ្នក​ដទៃ។ គាត់​តែង​និយាយ​ថា អ្វី​ដែល​ជា​របស់​យើង ប្រើ​តែ​របស់​យើង​ទៅ។ មាន​ប៉ុនណា ប្រើ​ប៉ុណ្ណោះ​ទៅ។

២. គាត់​តែង​និយាយ​ថា ទ្រាំ​ស៊ូ​លំបាក​មុន​បន្តិច តែ​នឹង​ស្រណុក​ស្រួល​នា​ពេល​អនាគត និង​ពេល​ខ្លះ​ទ្រាំ​លំបាក​សិន ដើម្បី​ប្រសើរ​នា​ពេល​អនាគត។

៣. កុំ​ច្រណែន​នឹង​កូន​គេ​អ្នក​មាន មាន​កង់​ថ្មី ម៉ូតូ​ថ្មី និង​ទូរស័ព្ទ​ទំនើប ពេល​ណា​កូន​រៀន​មាន​ចំណេះ កូន​ចង់​ទិញ​កង់​ថ្មី ម៉ូតូ ឬ​ទូរស័ព្ទ​ថ្មី ១០ គ្រឿង​ក៏​បាន​ដែរ។

ជា​ចុងក្រោយ​អ្នក​ឧកញ៉ា​វ័យ​ក្មេង​រូប​នេះ បាន​បញ្ជាក់​ថា ឪពុក​លោក​ជា​អ្នក​ដែល​តែងតែ​គាំទ្រ​ការ​រៀន​សូត្រ​របស់​លោក​ខ្លាំង​ជាង​គេ​ក្នុង​គ្រួសារ បើ​ទោះ​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ក៏ដោយ៕

អត្ថបទ៖ ឆដា, រូបភាព៖ ផ្ដល់ឲ្យ