អ្នកឧកញ៉ា គិត ម៉េង ប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានរៀបចំកម្មវិធីខួបកំណើតឲ្យកូនប្រុសពៅ គិត ស៊ូឡុង យ៉ាងស្ងៀមស្ងាត់។ ដោយអ្នកចូលរួមសុទ្ធសឹងជាមិត្តជិតស្និទ្ធក្នុងពិភពជំនួញតែប៉ុណ្ណោះ។

អ្នកឧកញ៉ា គិត ម៉េង បើទោះជាមមាញឹកការងារ ក៏ដូចជាឈឺឆ្អាលរឿងប្រទេសជាតិយ៉ាងណាក៏ដោយ តែក៏មិនភ្លេចខួបកំណើតរបស់កូនប្រុសពៅរបស់ខ្លួនដែរ។ យុវជន គិត ស៊ូឡុង ក្នុងវ័យ ១៣ ឆ្នាំទទួលបានការជូនពរយ៉ាងមានន័យពីឪពុក គឺ អ្នកឧកញ៉ា គិត ម៉េង។
អ្នកឧកញ៉ាបានលើកឡើងថា នៅក្នុងគ្រួសារលោក បុណ្យចូលឆ្នាំសកលមានអត្ថន័យលើសពីការប្រារព្ធអបអរថ្ងៃឆ្លងឆ្នាំថ្មីទៅទៀត។ ព្រឹត្តិការណ៍សំខាន់ ២ កើតឡើងចំពោះគ្រួសារ នោះគឺការស្វាគមន៍ឆ្នាំថ្មីសម្រាប់ពិភពលោក និងមួយទៀត គឺភាពរីកចម្រើនថ្មីនៃដំណើរជីវិតរបស់ គិត ស៊ូទ្បុង។

ក្នុងសារជូនពរកូនប្រុសពៅ អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក៏សង្ឃឹមថា គិត ស៊ូទ្បុង គឺជាធនធានជំនាន់ក្រោយដែលមានគុណភាព និងជូនដល់ប្រទេសឲ្យកាន់តែមានភាពរីកចម្រើន។
គួរបញ្ជាក់ថា គិត ស៊ូទ្បុង កើតនៅថ្ងៃ ១ ខែមករា ឆ្នាំ ២០១៣ ហើយយុវជនរូបនេះទើបបញ្ចប់ការសិក្សាថ្នាក់បឋមសិក្សានៅប្រទេសសិង្ហបុរី កាលថ្ងៃ៤ ខែវិច្ឆិកា ឆ្នាំ២០២៥ និងគ្រោងបន្តការសិក្សាថ្នាក់អនុវិទ្យាល័យ នៅឆ្នាំក្រោយ៕




អត្ថបទ៖ ឆដា, រូបភាព៖ Neak Oknha Kith Meng


