ម្ចាស់មេដាយមាស ស្រួង ភាវី ថា នឹងយកថវិកាចំនួន ១០លានវ៉ុន ឬប្រមាណ ៦ ៧៩៦ ដុល្លារ ដើម្បីជួយដល់ប្រជាជនកម្ពុជា ដែលកំពុងរងគ្រោះដោយសារសង្គ្រាមដែលថៃបង្កឡើង។

ម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣២ ស្រួង ភាវី បានសរសេររៀបរាប់ថា «ពុកម៉ែបងប្អូនខ្ញុំយកលុយពីការប្រកួតការបង្ហាត់របស់ខ្ញុំ 10,000,000វ៉ុន (ដប់លានវ៉ុន) ដែលខ្ញុំខំសន្សំ ដើម្បីទុកបង្ហាត់ជួលគ្រូរៀនហ្វឺកហាត់ តែខ្ញុំនឹងដកលុយនេះទៅជួយប្រជាជនរបស់ខ្ញុំកំពុងតែស្រក់ឈាម សង្ឃឹមថានឹងមានប្រជាជនច្រើនទៀតនឹងបរិច្ចាគ ដើម្បីជួយប្រជាជនកម្ពុជាដែលកំពុងរងគ្រោះ ដោយសារសង្គ្រាម“។
ជើងឯកកីឡាប៊ីយ៉ាការ៉ុមកម្មវិធី SILKROAD & ANSAN PBA-LPBA Championship rUbnV បានបន្ថែមទៀតថា ការរួមចូលចំណែកតិចតួចក៏អាចក្លាយជាកម្លាំងដ៏អស្ចារ្យ និងការពារប្រទេស និងប្រជាជនរបស់យើង ឥឡូវដល់ពេលដែលយើងត្រូវជួយគ្នាទៅវិញទៅមកដោយលះបង់បន្តិចបន្តួចរបស់យើងដើម្បីប្រទេសរបស់ជាតិ ដើម្បីឲ្យប្រជាជនយើងងើបឡើងវិញ។
គួរបញ្ជាក់ថា ស្រួង ភាវី ជាកីឡាការិនីខ្មែរ ដែលមានឈ្មោះល្បីនៅប្រទេសកូរ៉េ ហើយអ្នកនាងកន្លងមកក៏បានខ្នះខ្នែងរៃអង្គាសថវិកាពីប្រទេសកូរ៉េ មកជួយដល់ប្រជាជនខ្មែរច្រើនតាំងពីមុនសង្គ្រាមថៃឈ្លានពាន រហូតមកដល់ពេលនេះ៕

អត្ថបទ៖ ឆដា, រូបភាព៖ Sruong Pheavy


