មង្គលការរបស់កូនប្រុសសហស្ថាបនិកក្រុមហ៊ុន អាយអិនជី ហូលឌីង លោក អ៊ឹង ស៊ីវឈន់ និងព្រះនាងខ្មែរ នរោត្តម ពង្ស់សូរិយា បានល្បីសុះសាយទៅដល់សារព័ត៌មានបរទេស ព្រោះភាពអស្ចារ្យដែលកម្រ។

ទស្សនាវដ្ដី Point de vue បានចុះផ្សាយពីមង្គលការដ៏ធំនោះថា “ពិធីរៀបអភិសេករបស់ទ្រង់ នរោត្តម ពង្ស់សូរិយា ក្មួយស្រីរបស់ព្រះមហាក្សត្រកម្ពុជា” ដែលនេះជាចំណង់ជើងច្បាស់ៗតែម្ដង។
ទស្សនាវដ្ដីបារាំងខាងលើបានសរសេររ៉ាយរ៉ាប់ទៀតថា “ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ព្សង់សូរិយា និងពាណិជ្ជករ អ៊ឹង ស៊ីវឈន់ បានប្រារព្ធពិធីមង្គលការ កាលពីសប្ដាហ៍មុន ដែលរួមបញ្ចូលគ្នានូវប្រពៃណី និងទំនើបកម្ម។ ពិធីជប់លៀង កម្សាន្តសប្បាយ និងការតុបតែងលំអពោរពេញទៅដោយពណ៌មាស… ប្ដីប្រពន្ធមួយគូនេះ បានរៀបចំពិធីមង្គលការយ៉ាងអធិកអធម ដោយមានការថ្វាយព្រះពរ ពីព្រះបាទ នរោត្តម សីហមុនី“។
Point de vue បានបន្តទៀតថា “ពិធីមង្គលការអ្នកទាំង២ នេះបានប្រព្រឹត្តទៅក្នុងរយៈពេលជាច្រើនថ្ងៃរួមបញ្ចូលទាំងពិធីផ្សេងៗគ្នា។ ទី១ ពិធីជប់លៀងមុនអាពាហ៍ពិពាហ៍ បន្ទាប់មកពិធីមង្គលការតាមប្រពៃណីខ្មែរ ព្រះរាជពិធីថ្វាយព្រះពរពីព្រះមហាក្សត្រ និងចុងក្រោយ ពិធីជប់លៀងបែបបស្ចិមប្រទេស រួមមានការច្រៀងរាំកម្សាន្ត”។

ក្រៅពីកម្មវិធីអាពាហ៍ពិពាហ៍ Point de vue ក៏បានចុះផ្សាយពីជីវប្រវត្តិសិក្សារបស់ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា ដែលបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យនៅសាធារណរដ្ឋប្រជាមានិតចិន។
ក្រៅពី ទស្សនាវដ្ដី Point de vue បារាំង ក៏មានឆាណែល YouTube អេស្ប៉ាញ Royals al Dí បានផ្សាយពីមង្គលការកូនប្រុសអ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ សហស្ថាបនិកក្រុមហ៊ុន អាយអិនជី ហូលឌីង គឺលោក អ៊ឹង ស៊ីវឈន់ ដែលជាសហគ្រិនវ័យក្មេងកាន់ក្រុមហ៊ុនច្រើន និងព្រះនាង សូរិយា ក្មួយស្រីមហាក្សត្រខ្មែរនាពេលបច្ចុប្បន្ន ដែលបានរៀបមង្គលការធំអស្ចារ្យ កាលពីពេលថ្មីៗនេះ។

Royals al Dí បានចុះផ្សាយដែលមានន័យសង្ខេបថា “ពិធីរៀបអភិសេករបស់ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា បានក្លាយជាចំណុចរបត់មួយសម្រាប់រាជវង្សកម្ពុជា។ ប្រពៃណី ភាពប្រណិត រចនាបថ និងភាពអស្ចារ្យជាច្រើនទៀត បានមករួមគ្នា ដើម្បីបង្កើតពិធីមង្គលការមួយដែលត្រូវបានចាត់ទុកថាជានិមិត្តរូបបំផុតប្រចាំឆ្នាំនៅអាស៊ី៕






អត្ថបទ៖ ឆដា, រូបភាព៖ Soriya Norodom និង Seav Chhuon Ing


