មកដល់ថ្ងៃនេះជាថ្ងៃទី ២ នៃមង្គលការគូស្នេហ៍បុព្វេសន្និវាស ដែលកូនកំលោះគឺជាកូនប្រុសសេដ្ឋីប្រចាំស្រុកខ្មែរអ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ មាននាមថា អ៊ឹង ស៊ីវឈន់ ចំណែកកូនក្រមុំជាសែរាជវង្ស និងជាបុត្រីពៅសម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ ព្រះនាម ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា។

មង្គលការនៃសែរាជវង្ស និងត្រកូលអភិជន និងជាអ្នកជំនួញធំកក្រើកអស់បណ្ដាញសង្គម ក៏ព្រោះតែកម្មវិធីបានរៀបចំឡើងយ៉ាងគគ្រឹកគគ្រេង មានការចូលរួមពីញាតិវង្សានុវង្ស និងមន្ត្រីរាជការ អ្នកមុខអ្នកការ អ្នកជំនួញធំៗទាំងក្រៅ និងក្នុងប្រទេស។
គូស្នេហ៍ដែលសមគ្នាទាំងព្រមមិនថាជារូបសម្បត្តិ ទ្រព្យធន ចំណេះវិជ្ជា និងឋានៈមុខមាត់ឡើយ ដោយម្នាក់ជាកូនអ្នកជំនួញមានក្រុមហ៊ុន និងបុត្រសម្ពន្ធច្រើន ហើយម្នាក់ទៀតគឺជាចៅស្រីបង្កើតព្រះមហាវីរក្សត្រ ព្រះបរមរតនៈកោដ្ឋ ព្រះករុណា ព្រះបាទ នរោត្តម សីហនុ។

ក្នុងពិធីជយកូនប្រុសសេដ្ឋី អ៊ឹង ប៊ុនហ៊ូវ ព្រមទាំងបុត្រីពៅ សម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ បានរៀបចំតុបតែងឡើងយ៉ាងប្រណីត។ ផ្កាស្រស់ អំពូលគ្រីស្ដាល់ និងគ្រឿងលម្អផ្សេងៗបានបញ្ចេញសោភណភាពស្រស់បំព្រងគ្រប់ជ្រុងជ្រោយនៃកន្លែងប្រារព្ធកម្មវិធី។
ចំណែកសាមីខ្លួនទាំង ២ ត្រូវបានសម្អិតសម្អាងដោយផ្ចិតផ្ចង់ ព្រោះទ្រង់ជាសែរាជវង្ស និងជាបុគ្គលសំខាន់ដែលថែរក្សាមរតកដូនតាខ្មែរ។ ទាំងភ្ញៀវម្ចាស់ដើមការ បានគ្រងឈុតបុរាណមានហូលផាមួង អាវប៉ាក់ បូករួមគ្រឿងអលង្ការភ្លឺចិញ្ចែងចិញ្ចាច៕
























អត្ថបទ៖ ឆដា, រូបភាព៖ The ring wedding cambodia


