សេដ្ឋីវ័យក្មេង អ៊ឹង ស៊ីវឈន់ ប្រើពេល ៦ ឆ្នាំ ទម្រាំអាចស្លៀកឈុតអាពាហ៍ពិពាហ៍ជាមួយព្រះនាង ពង្ស់សូរិយា

នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត CEO វ័យក្មេង​ អ៊ឹង ស៊ីវឈន់ នឹង​ចូល​រោងជ័យ ជាមួយ​ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា ដែល​ជា​បុត្រី​ពៅ​សម្ដេច​ក្រុមព្រះ នរោត្តម ច័ក្រពង្ស់។

តាមដានជាមួយយើង៖ Million Times

កាន់តែ​កៀក​ដល់​ថ្ងៃ​ពិសេស​របស់​ខ្លួន សេដ្ឋី​កំលោះ​វ័យ​ក្មេង អ៊ឹង ស៊ីវឈន់ បាន​បង្ហោះ​រូបភាព pre-wedding ជា​បន្តបន្ទាប់។ មិន​ត្រឹម​តែ​បង្ហោះ​រូបភាព​ដែល​គ្រង​ឈុត​ប្រពៃណី​ប៉ុណ្ណោះ​ទេ CEO​​ ក្រុមហ៊ុន​ដូនពេញ ​ត្រេឌីង ឯ.ក ក៏​បង្ហើប​ឲ្យ​ដឹង​ថា ទម្រាំ​តែ​អាច​ឈរ​ក្បែរ​ព្រះនាង ពង្ស់សូរិយា បាន លោក​បាន​ប្រើ​ពេល ៦ ឆ្នាំ​ឯណោះ។

ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា ព្រះជន្ម ២៧ ព្រះ​វស្សា និង​កំលោះ​សង្ហា អ៊ឹង ស៊ីវឈន់ មាន​ទំនាក់​ទំនង​ស្នេហា​យូរ​ហើយ តាំងពី​គូ​ទាំង​ទ្វេ​នៅ​សិក្សា​ក្រៅ​ប្រទេស​មក​ម្ល៉េះ។ មួយ​វិញ​ទៀត​ទំនាក់ទំនង​របស់​ត្រកូល​ជាន់​ខ្ពស់​ទាំង​សងខាង​នេះ ក៏​ទទួល​បាន​ការ​ដឹង​ឮ​ពី​សំណាក់​ចាស់​ទុំ។

ថ្មីៗ​នេះ​ដែរ លោក អ៊ឹង ស៊ីឈន់ និង​ព្រះនាង សូរិយា បាន​ហាត់​សម ត្រៀម​សម្រាប់​ថ្ងៃ​មង្គល​ការ ដែល​លេចឮ​ព័ត៌មាន​មក​ថា​នៅ​ខែ ១២ ខាង​មុខ​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​អគ្គនាយក ទឹក​ស្ព្រីងប្រូវីដា ជា​អ្នក​ជំនួញ​រូប​សង្ហា វ័យ​ក្មេង និង​ជា​កូន​ប្រុស​អ្នក​ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ទោះ​ជា​មាន​វ័យ​ទើប ២៥ ឆ្នាំ តែ​លោក​កាន់កាប់​ជំនួញ​ជាច្រើន​ក្នុង​ដៃ ដោយ​មុន​ចូល​មក​កាន់​ការងារ លោក​បាន​ចេញ​ទៅ​សិក្សា​នៅ​អង់គ្លេស​តាំងពី​ក្មេង​ឯណោះ។ ចំណែក​ព្រះនាង​វិញ គឺ​បញ្ចប់​ការ​សិក្សា​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

អនាគត​គូ​ស្វាមី​ភរិយា​នេះ មិន​ត្រឹម​ជា​គូ​ដែល​មាន​រូប​សម្រស់ ចំណេះដឹង ឋានៈ និង​វង្សត្រកូល​ឡើយ សុទ្ធតែ​សម​គ្នា​ទាំង​ព្រម។ ដូចនេះ​ហើយ​មហាជន​តែងតែ​ផ្ដល់​រហស្សនាម​ឲ្យ​គូ​ដណ្ដឹង​គូ​នេះ ថា​ជា​គូ​ស្នេហ៍​ដែល​ស័ក្ដិសម​គ្នា​គ្រប់​យ៉ាង៕

អត្ថបទ៖ ឆដា, រូបភាព៖ Soriya Norodom និង Seav Chhuon Ing