អ្នកឧកញ៉ា យូ សាម៉េត រៀបរាប់ការខ្ចី បំណុលមានល្អ និងបំណុលអាក្រក់

អ្នក​ឧកញ៉ា យូ សាម៉េត អគ្គនាយក ECON Group បាន​បង្ហាញ​វីដេអូ Podcast មួយ ដោយ​ចែក​រំលែក​បញ្ហា​បំណុល ដល់​មហាជន​ស្ដាប់ និង​អាច​យក​ទៅ​ពិចារណា​បាន។ នៅ​ក្នុង​វីដេអូ​អគ្គនាយក ECON Group បាន​លើក​ឡើង​ពី​បំណុល ក្នុង​នោះ​បំណុល​មាន ២ គឺ​បំណុល​ល្អ និង​បំណុល​អាក្រក់។

តាមដានជាមួយយើង៖ Million Times

អ្នកឧកញ៉ា យូ សាម៉េត បាន​រៀបរាប់​ពី​បំណុល​ល្អ​ជា​មុន ដោយ​លើក​ឧទាហរណ៍​ថា “បើ​ខ្ចី​លុយ​គេ​ទៅ​ទិញ​ឡាន មក​ដើម្បី​បង្អួត​អ្នក​ដទៃ” នេះ​ជា​បំណុល​មិន​ល្អ​ឡើយ។ ក្នុង​វីដេអូ​អ្នក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា តែ​ខ្ចី​លុយ ដើម្បី​ការ​វិនិយោគ​រឿង​ដូច​ខាង​ក្រោម គឺជា​បំណុល​ល្អ។

ដោយ​បំណុល​ល្អ ដែល​អគ្គនាយក ECON Group បាន​លើក​ឡើង​ជា​ឧទាហរណ៍​មាន​ដូចជា ការ​ខ្ចី​លុយ​ធ្វើ​ផ្ទះ​សំណាក់ ធ្វើ​ផ្ទះ​ជួល ​ឲ្យ​កម្មករ​រោងចក្រ​ជាដើម​នោះ ជា​បំណុល​ល្អ។ មិន​ទាន់​អស់​ត្រឹម​ប៉ុណ្ណឹង​ឡើយ អ្នកឧកញ៉ា​បាន​បន្ថែម​ទៀត​ថា ការ​ខ្ចី​លុយ​ដើម្បី​មក​ទិញ​រថយន្ត ដើម្បី​ទុក​ប្រកប​របរ​រត់​តាក់ស៊ី និង​ជួល​ឲ្យ​គេ ក៏​អាច​រាប់​ជា​បំណុល​ល្អ​ដែរ។

ខុស​ប្លែក​ពី​ការ​ខ្ចី​បុល​អ្នក​ដទៃ​ទិញ​ឡាន តែ​បែរជា​សម្ញែង អួត ហ៊ឺហា នឹង​ក្ស័យធន​ជា​មិន​ខាន​ឡើយ។ អ្នកឧកញ៉ា យូ សាម៉េត បាន​បន្ថែម​ទៀត​ថា បើ​អ្នក​គ្មាន​ប្រាក់ ហើយ​មិន​ខំ​ប្រឹង​ធ្វើ​រក បែរ​ជា​ខ្មាស​គេ​ទៅ​វិញ​នោះ ពិតជា​មិន​ល្អ​សម្រាប់​អនាគត​ឡើយ។

ក្នុង Podcast នោះ​អ្នកឧកញ៉ា យូ សាម៉េត ក៏​បាន​លើក​ឡើង​ពី​ការ​ខ្ចី​លុយ A ទៅ​សង B នាំ​ឲ្យ​មាន​ហានិភ័យ​ខូច CBC លែង​អាច​ខ្ចី​ពី​ធនាគារ​បាន​ទៀត​ហើយ នឹង​ឈាន​ទៅ​ដល់​ការ​ខ្ចី​បំណុល​ឯកជន ការ​ប្រាក់​នឹង​កាន់តែ​ថ្លៃ នោះ​ការ​ខ្ចី​ពី​បុគ្គល​នេះ​មក​សង​បុគ្គល​នោះ បង្វិល​ទោ​មក​ឥត​ឈប់ ពោល​ខ្ចី​គេ​កាន់តែ​ច្រើន៕

អត្ថបទ៖ ឆដា, រូបភាព៖ You Sameth