អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង អ្នកឧកញ៉ា លាង ពៅ ឲ្យនិយមន័យភាពជាអ្នកដឹកនាំ

អ្នកឧកញ៉ា លាង ពៅ និង​មាន​ឈ្មោះ​ក្រៅ Peter ដែល​ជា​ម្ចាស់ ជីបម៉ុង គ្រុប មួយ​រូប​ផង​ដែរ​នោះ បាន​បង្ហោះ​ពី​វីដេអូ​ដែល​ជា​ការ​ជួបជុំ​ជាមួយ​បុគ្គលិក។ ក្នុង​នោះ​ដែរ​លោក​ក៏​បាន​ចែក​រំលែក​ពីនិយមន័យ អ្វី​ដែល​ហៅ​ថា​ជា​អ្នក​ដឹក​នាំ។

តាមដានជាមួយយើង៖ Million Times

អគ្គនាយក​នៃ​ក្រុមហ៊ុន ជីប ម៉ុង អិនស៊ី ស៊ីមេន ខបភើរេសិន បាន​ឲ្យ​ដឹង​ថា «អ្នក​ដឹកនាំ​មិន​មែន​ទាល់តែ​មាន​កូន​ក្រុម​ច្រើន​ឡើយ ទោះ​មាន​កូន​ក្រុម​តែ​ម្នាក់ ក៏​ជា leader ដែរ»។ ក្នុង​នាម​ជា​អ្នក​កាន់​​ជំនួញ​ជាច្រើន​ក្នុង​ដៃ អ្នកឧកញ៉ា លាង ពៅ បាន​រៀបរាប់​ពី​គោល​គំនិត​នៃ​អ្នក​ដឹកនាំ គឺ​ត្រូវ​ធ្វើ​ជា​គំរូ​ឲ្យ​អ្នក​ក្រោម​បង្គាប់​ធ្វើ​តាម។

លោក​បាន​បន្ត​ទៀត​ថា អ្នក​ដឹកនាំ​ពិតតែងមាន​គំនិត​ចង់​ឲ្យ​កូន​ក្រុម​រីក​ចម្រើន​ទៅ​មុខ​ដូច​ខ្លួន​ដែរ បែប​នេះ​ហើយ​ទើប​សម​អាច​ដឹក​នាំ​គេ​បាន។ ដើម្បី​ឲ្យ​ក្រុម​មាន​ភាព​រីក​ចម្រើន អ្នក​ដឹកនាំ​​នេះ​ឯង​ត្រូវ​នៅ​ក្បែរ​ក្រុម​ឲ្យ​បាន​ច្រើន ដោយ​ចំណាយ​ពេល​និយាយ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ក្រុម។

អ្នកឧកញ៉ា លាង ពៅ ក៏​បាន​លើកឡើង​បន្ត​ថា បើ​ឃើញ​សមាជិក​ក្រុម​ម្នាក់​មិន​សប្បាយ​ចិត្ត ត្រូវ​តែ​សួរនាំ ដើម្បី​ស្វែង​រក​ឫសគល់ និង​ចូល​ខ្លួន​សូម​ជួយ​ដោះស្រាយ​បញ្ហា​មិន​សប្បាយ​ចិត្ត​របស់​ក្រុម​ការងារ។

ដើម្បី​ឲ្យ​អ្នក​ក្រោម​បង្គាប់​ជឿជាក់​ថា ខ្លួន​ជា​អ្នក​ដឹកនាំ​ល្អ​មែន ត្រូវ​បើក​ទូលាយ​​ឲ្យទូលាយ អាច​ឲ្យ​អ្នក​ដទៃ​ដែលមាន​បញ្ហា​​​ចូល​មក​ពិភាក្សា​ជាមួយ​បាន ឬ​មិន​ចាំ​តែ​ក្រុម​ចូល​មក​និយាយ​ឡើយ ត្រូវ​ចេះ​សង្កេត​ទឹក​មុខ​អ្នក​ក្រោម​បង្គាប់ សួរ​សុខទុក្ខ​ដល់​បុគ្គលិក​គ្រប់​រូប។

ជាចុងក្រោយ អ្នកឧកញ៉ា លាង ពៅ បាន​កំណត់​និយមន័យ​របស់​លោក​ថា ភាព​ជា​អ្នក​ដឹក ត្រូវ​ចំណាយ​ពេល​ច្រើន​ខ្លាំង​ជាង​អ្នក​នៅ​ក្រោម​ទៅ​ទៀត ហើយ​ក៏​ជា​មនុស្ស​ត្រូវ​ទទួល​រង​សម្ពាធ​ច្រើន​ជាង​គេ ទើប​អាច​ដឹក​នាំ​អ្នក​ដទៃ​បាន។ មួយ​វិញ​ទៀត ត្រូវ​គិត​បញ្ហា​ទាំងអស់ និង​ការ​លំបាក​ទៅ​ជា​ឱកាស​វិញ៕

អត្ថបទ៖ ឆដា, រូបភាព Neak Oknha LEANG Pov