ស្រីណៃ អ្នកលក់អនឡានដ៏ស្រស់ស្អាត ឧបត្ថម្ភ​ម៉ូតូ ១ គ្រឿងដល់យុវជនដើរពីភ្នំពេញទៅរតនគិរី

អ្នក​ជំនួញ​អនឡាញ និង​ស្រស់​ស្អាត ស្រីណៃ បាន​ចេញមុខ​ឧបត្ថម្ភ​ម៉ូតូ​១ គ្រឿង​ដល់​យុវជន រម៉ាស់ គ្វេន ដែល​ធ្វើ​ដំណើរ​ថ្មើរ​ជើង ពី​រាជធានី​ភ្នំពេញ ទៅ​ខេត្ត​រតនគិរី ដើម្បី​ផ្សព្វផ្សាយ​ពី​ទេសចរណ៍។

តាមដានជាមួយយើង៖ Million Times

សេដ្ឋិនី​ដែល​កំពុង​ទទួល​បាន​ជោគជ័យ​លើ​វិថី​អនឡាញ ស្រីណៃ បាន​មើល​ឃើញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​យុវជន រម៉ាស់ គ្វេន ដែល​ជា​ជនជាតិ​​​ចារ៉ាយ ដែល​មាន​ទីលំនៅ​ភូមិ​តេនង៉ាល ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី និង​សម្រេច​ជូន​ម៉ូតូ​១​គ្រឿង។

ស្រីណៃ ជា​អ្នក​ជំនួញ​កំពុង​លេចធ្លោ​មួយ​រូប​ក្នុង​ចំណោម​អ្នក​ជំនួញ​អនឡាញ​វ័យ​ក្មេង និង​ជា​មនុស្ស​ស្រី​ទាន់​សម័យ ចូលចិត្ត​ភាព​ឡូយឆាយ ហ៊ឺហា​សម្ភារៈនិយម និង​ជា​បុគ្គល​ជួយ​ដល់​មនុស្ស​ទន់ខ្សោយ និង​ជា​សប្បុរសជន​សកម្ម ក្នុង​រឿង​មនុស្ស​ធម៌​ផង​ដែរ។

ទង្វើ​របស់​យុវជន រម៉ាស់ គ្វេន ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​ជំនួញ​ល្បី​ៗ​លើ​វិថី​អនឡាញ ក៏​ដូចជា​មន្រ្តី​រាជការ​ជាច្រើន​រូប។ ក្នុង​នោះ ម្សិលមិញ​លោក គិត ទ្រី តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​រតនគិរី បាន​អញ្ជើញ​ចុះ​មក​ជួប រម៉ាស់ គ្វេន ដល់​ទី​លំនៅឋាន​ផ្ទាល់​តែម្ដង។

បេះដូង​បរិសុទ្ធ ​របស់​ជនជាតិ​ដើម​ភាគតិច រម៉ាស់ គ្វេន ​​អស្ចារ្យ​ខ្លាំង​ណាស់ ក្នុង​ការ​រួម​ចំណែក​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា ពិសេស​ទី​កន្លែង​កំណើត​ខ្លួន​តែម្ដង។ បើទោះ​ជា​ជីវភាព​ប្រចាំ​ថ្ងៃ​មិន​ល្អ​ក៏​ដោយ តែ​យុវជន ដើរ​ពី​ភ្នំពេញ ទៅ​ខេត្ត​រតនគិរី​រូប​នេះ មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ស្រុក​ទេស​ឡើយ។

ប្រើ​ពេល ១២ថ្ងៃ រយៈ​ចម្ងាយ ៥៨៨ គីឡូ មិនមែន​ជា​ឧបសគ្គ សម្រាប់ រម៉ាស គ្វេន នោះ​ឡើយ​ក្នុង​ការ បង្ហាញ​ពិភពលោក​ឲ្យ​បាន​ឃើញ និង​ដឹង​ពី​វិស័យ​ទេសចរណ៍​ដ៏​សម្បូរ​បែប​ដែល​មាន​ក្នុង​ខេត្ត​រតនគិរី៕

អត្ថបទ៖ ឆដា, រូបភាព៖ NayNay Shanti និង Jarai Youth RTK Group