អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន៖ «សហគ្រិនខ្មែរបង្ហាញសាមគ្គីភាព ក្លាយជាថាមពលជំរុញសេដ្ឋកិច្ចជាតិ»

អំឡុងពេលមានការប៉ះទង្គិច និងការឈ្លានពានលើអធិបតេយ្យភាពរបស់កម្ពុជាដោយប្រទេសថៃ នៅតំបន់ព្រំដែន សហគ្រិនខ្មែរជាច្រើន​បានបង្ហាញនូវ​ការ​រួបរួមសាមគ្គីភាព​ខ្លាំង​ជាង​មុន​ក្នុង​ការ​ចូលរួម​លើក​កម្ពស់ និងជំរុញការផលិត​ ផលិតផលក្នុងស្រុក។ អ្នកឧកញ៉ា​បណ្ឌិត​ សំ សុខនឿន ទីប្រឹក្សា​​សម្តេច​តេជោ ហ៊ុន សែន និងជាប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group បានបញ្ជាក់ថា នេះ​ជា​សញ្ញា​ដ៏​វិជ្ជមានមួយនៃការរីកចម្រើន និងការទទួលខុសត្រូវសង្គមរបស់សហគ្រិនខ្មែរ។

តាមដានជាមួយយើង៖ Million Times

“ប៉ុន្មានខែចុងក្រោយនេះ សហគ្រិនខ្មែរកាន់តែច្រើនចេញមុខ ផលិតទំនិញក្នុងស្រុក ស្ទើរ​គ្រប់​វិស័យ ក្នុងនោះរាប់បញ្ចូលទាំងម្ហូបអាហារ និងរបស់របរប្រើប្រាស់ចាំបាច់មួយចំនួនធំ ដើម្បី​បំពេញ​តម្រូវ​ការ​របស់ប្រជាជន និងក៏ជាការឆ្លើយតបយ៉ាងឆ្លាតវៃ ចំពោះស្ថានភាពនយោបាយ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កម្ពុជា ​និងថៃ​”។ អ្នកឧកញ៉ា​បណ្ឌិត​ សំ សុខនឿន បន្ថែម។

ប្រធានសម្ព័ន្ធក្រុមហ៊ុន​ SAM SN Group បានបញ្ជាក់ថា​ សហគ្រិនខ្មែរមួយ​ចំនួន​បាន​យក​ការ​ឈឺ​ចាប់​ និង​ការ​មើល​ងាយ​ពីសំណាក់​ពលរដ្ឋថៃ​ ទៅ​ជា​ឱកាស​នៃការផ្លាស់ប្តូរ ដោយ​បើក​សហគ្រាស​ថ្មី ​បង្កើត​ម៉ាកយី​ហោខ្មែរ ​និង​ពង្រឹង​ខ្សែ​សង្វាក់​ផលិតកម្ម​ក្នុង​ស្រុក។ នេះ​ជា​ជំហាន​មួយ​ដ៏​សំខាន់​ ក្នុង​ការ​បង្កើត​ការងារ និងពង្រឹងសេដ្ឋកិច្ចជាតិឲ្យមានភាពរឹងមាំជាងមុន។ ជាពិសេស​សម្តេច​តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាន​ចេញ​សារ​តាម​បណ្តាញ​សង្គម​ហ្វេសបុក ថ្ងៃទី ៦តុលា ឆ្នាំ២០២៥ ដោយអំពាវនាវឲ្យប្រជាពលរដ្ឋ ឈប់ទិញ និង​​ប្រើប្រាស់​ទំនិញ​ថៃ ដើម្បីពង្រឹងសេដ្ឋកិច្ច និងឯករាជ្យភាពរបស់ប្រទេសកម្ពុជា។

​សម្តេចបានលើកឡើងថា “ប្រសិនបើបងប្អូនឈឺចាប់ជាមួយថៃ សូមកុំទិញទំនិញថៃ មក​ប្រើ​ប្រាស់​ និងឈប់ប្រើប្រាស់ប្រាក់បាតថៃលើដីខ្មែរតទៅទៀត… ដើម្បី​ពង្រឹង​ឯករាជ្យ​ភាព​ខាង​រូបិយវត្ថុ​របស់​ជាតិ​យើង”។ សម្តេចបានបញ្ជាក់ទៀតថា កម្ពុជាមិនមែនសុំទំនិញថៃមកប្រើទេ ប៉ុន្តែ​បាន​យក​លុយ​ទៅ​​ទិញ។ ដូច្នេះ ការផ្លាស់ប្តូរទិសដៅទៅទិញទំនិញក្នុងស្រុក គឺជា​ឱកាស​ដ៏​សំខាន់​សម្រាប់​សហគ្រិនខ្មែរ និងសេដ្ឋកិច្ចជាតិទាំងមូល។

ក្នុងបរិបទនេះផងដែរ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី បាន​រួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់ស្មារតីស្រឡាញ់ផលិតផលជាតិ។ ជាក់​ស្តែង​កាល​ពី​ពេលថ្មីៗ​នេះ សហព័ន្ធបានរៀបចំកម្មវិធីកៀរគរ និងដាក់តាំងផលិតផលខ្មែរ នៅមហាសន្និបាត និង​ពិព័រណ៍​កោះពេជ្រ​ ក្រោម​ប្រធាន​បទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ ផលិត​ផល​ក្នុង​ស្រុក​»។ ​កម្មវិធី​នេះ​ធ្វើ​ឡើង​ ក្នុងគោលបំណងតាំងបង្ហាញផលិតផលក្នុងស្រុក ដើម្បីចូលរួម ជំរុញ គាំទ្រ​ផលិត​ផល​ក្នុង​ស្រុក​ ដែល​ជា​កត្តា​ចាំ​បាច់​ដើម្បី​ពង្រឹង​សមត្ថភាព​ផលិតកម្ម​បង្កើន​ឱកាស​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ​និង​ជំរុញ​ចរន្តសេដ្ឋកិច្ច ក៏ដូចជាផ្ដល់ឱកាសដល់អាជីវករ ពាណិជ្ជករ សហគ្រិន និងក្រុមហ៊ុនក្នុងស្រុកអាចតាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលរបស់ខ្លួន និង​ធ្វើ​អន្តរកម្ម​ជាមួយ​ដៃ​គូ​អាជីវកម្ម​ផងដែរ។

អ្នកឧកញ៉ា​បណ្ឌិត​ សំ សុខនឿន បានបន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និង​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ការ​វិនិយោគ​ក្នុង​ស្រុក​កាន់​តែ​ត្រូវ​បាន​លើកទឹកចិត្ត​ជា​ពិសេស។ ទាំងនេះត្រូវបានចាត់ទុកជាអាទិភាពសម្រាប់ប្រទេសជាតិ ដែល​ជួយ​បង្កើត​ការងារ​​ និងកាត់បន្ថយការពឹងផ្អែកលើទំនិញនាំចេញពីបរទេស។ “ខ្មែរ​គាំទ្រខ្មែរ ខ្មែររួប​រួម​គ្នា​ ខ្មែរ​ខ្លាំង!” អ្នកឧកញ៉ា​បណ្ឌិត​ បន្ថែម៕

អត្ថបទ៖ ឆដា រូបភាព៖ផ្ដល់ឱ្យ