វិស្វករ នៅ ស៊ីនិត ជាម្ចាស់ក្រុមហ៊ុនម៉ៅការសាងសង់លំនៅឋាន មួយ ដែលទទួលបានទំនុកចិត្តពីអតិថិជនគ្រប់បណ្ដាខេត្ត/រាជធានី។ ទម្រាំបង្កើតបានក្រុមហ៊ុន វិស្វករដែលមានស្រុកកំណើតនៅកំពង់ឆ្នាំងរូបនេះ តស៊ូ ពុះពារគ្រប់សព្វបែបយ៉ាង ទើបអាចសាងកេរ្តិ៍ឈ្មោះក្នុងវិស័យម៉ៅការសាងសង់នេះបាន។


លោក នៅ ស៊ីនិត ជាកូនអ្នកស្រុកស្រែជនបទ ដូចនេះហើយទើបការម៉ៅការសាងសង់ជូនអតិថិជន លោកបានគិតគូរល្អិតល្អន់ ដើម្បីតម្រូវចិត្តម្ចាស់សំណងនីមួយៗ ព្រោះថាការចំណាយប្រាក់លើ ទ្រព្យដែលជាផ្ទះនេះរឿងសំខាន់បំផុត។ព្រោះផ្ទះជាកន្លែងជ្រកបាំងខ្យល់ បាំងភ្លៀង កន្លែងផ្ដល់ភាពកក់ក្ដៅ និងផ្ដល់ស្នាមញញឹមដល់សមាជិកគ្រួសារ ដូច្នេះហើយការសាងសង់ផ្ទះឲ្យអតិថិជនម្នាក់ៗ លោកទាមទារឲ្យក្រុមការងារធ្វើដោយផ្ចិតផ្ចង់ អត់ធ្មត់ និងធ្វើតាមស្តង់ដារបច្ចេកទេសសំណង់។

ក្រុមហ៊ុនរបស់វិស្វករ នៅ ស៊ីនិត ទទួលម៉ៅការសាងសង់គ្រប់ទំហំ ដោយឌីហ្សាញ និងសាងសង់ផ្ទាល់តែម្ដង។ ជិត១០ ឆ្នាំមកនេះក្រុមហ៊ុនលោកបានសាងសង់ផ្ទះ មិនក្រោម ៥០០គំរោងឡើយ។ ចំពោះតម្លៃដែលលោកទទួលម៉ៅសាងសង់ ត្រូវបានអ្នកជំនួញក្នុងវិស័យម៉ៅការសាងសង់សរសើរថា គុណភាពល្អ និងតម្លៃសមរម្យ។

ជិត១០ ឆ្នាំក្នុងវិស័យសំណង់នេះវិស្វករ នៅ ស៊ីនិត បានបញ្ជាក់ថា កន្លងមកលោកសាងសង់ផ្ទះជូនអតិថិជនគឺក្នុងស្តង់ដារតែមួយ មិនប្រកាន់គំរោងធំធ្វើប្រិតប្រៀង ហើយគំរោងតូចធ្វើឲ្យតែបានៗឡើយ ដោយលោកសង្កត់ធ្ងន់ថា អតិថិជនដែលជាវសេវាកម្មពីក្រុមហ៊ុនលោក ត្រូវតែទទួលបានសំណង់មានគុណភាពល្អដូចៗគ្នា។

អ្នកខេត្តកំពង់ឆ្នាំងរូបនេះ បានឲ្យនិយមន័យនៃភាពជោគជ័យនៃអាជីវកម្ម មាន ៣គឺ: ទី១ម្ចាស់អាជីវកម្មត្រូវតែចំណេញ, ទី២ ត្រូវតែទទួលបានកិត្តិយស ភាពថ្លៃថ្នូរ ហើយទី៣ ភ្ញៀវធ្វើផ្ទះដោយក្រុមហ៊ុនលោក ត្រូវទទួលបានផ្ទះស្អាត មានគុណភាព និងទទួលបានការសរសើរពីអ្នកភូមិផងរបងជាមួយគ្នា៕
អត្ថបទ៖ ឆដា, រូបភាព៖ Panha Rith