Pre-wedding នៃត្រកូលសេដ្ឋី និងសែរាជវង្សដ៏ល្បី បានបង្ហាញរូបភាពបណ្ដើរៗហើយ

ព្រះ​អង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា ជា​សែ​រាជវង្ស​ខ្មែរ​ដែល​មាន​ទាំង​ចំណេះដឹង​ខ្ពង់ខ្ពស់​បាន​ភ្ជាប់​ពាក្យ​ជាមួយ​កូន​ប្រុស​សេដ្ឋី​កំពូល​ប្រចាំ​ស្រុក​ខ្មែរ គឺ​លោក​ អ៊ឹង​ ស៊ីវឈន់ កូន​ប្រុសសេដ្ឋី អ៊ឹង ប៊ុនហ៊ូវ សហ​ស្ថាបនិក​ក្រុមហ៊ុន អាយអិនជី ហូលឌីង គ្រុប តាម​បែប​ប្រពៃណី​ខ្មែរ ​ព្រម​ទាំង​ត្រៀម​ចូល​រោងការ​ផង​ដែរ។

តាមដានជាមួយយើង៖ Million Times

មុន​ថ្ងៃ​ជ័យ​មង្គល​មក​ដល់ គូស្នេហ៍​នៃ​ត្រកូល​ខ្ពង់ខ្ពស់​ទាំង២ បាន​ថត Pre-wedding ក្នុង​សម្លៀកបុរាណ​ខ្មែរ​ជាច្រើន​ឈុត​នៅ​លើ​ទឹកដី​ខេត្ត​សៀមរាប។ ព្រោះតែ​រូប​សម្បត្តិ ឋានៈ ចំណេះដឹង និង​វង្សត្រកូល​ដ៏​ល្អ​ឥត ខ្ចោះ​របស់​ព្រះនាង និង CEO វ័យ​ក្មេង​មាន​ជំនួញ ៥ ធំ​ៗ​ក្នុង​ដៃ ស័ក្ដិសម​គ្នា​ពេក ទើប​ទាំង​គូ​ជា​ទី​ចាប់​អារម្មណ៍​របស់​ក្រសែ​ភ្នែក​មហាជន។

សម្រាប់​រូបភាព Pre-wedding របស់​ព្រះ​អង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា និង​លោក អ៊ឹង ស៊ីវឈន់ បាន​ថត​នៅ​សៀមរាប​ក្នុង​បរិវេណ​តំបន់​អង្គរ។ ស្ថិត​ក្នុង​ព្រះជន្ម ២៧ ព្រះវស្សា ព្រះ​បុត្រី​ពៅ​សម្ដេច​ក្រុមព្រះ នរោត្តម ចក្រពង្ស់ គ្រង​ឈុត​បុរាណ មើល​ទៅ​ពិតជា​មាន​​​ស្រស់​សោភា។

បើ​តាម​ការ​បង្ហោះ​របស់សម្អាងការ ស៊ីនឌី បាន​រៀបរាប់​ថា “ឈុត​ដែល​តុបតែង​ឆ្លង​នៅ​លើ​ព្រះ​កាយ​ព្រះអង្គម្ចាស់​ក្សត្រិយ៍ គឺ​ជា​ឈុត​មួយ​យក​តាម​លំនាំ​តាម​ឈុត​នៃ​សម្ដេច​ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ កាល​ទ្រង់ក្រសាលកុនកាលពីទស្សវត្សរ៍៦០ ជាមួយ​សម្ដេច​ព្រះ​បិតា​ជាតិ ព្រះ​បរមរតនកោដ្ឋ“។

គូស្នេហ៍ ១ នេះ​ក៏​បាន​រៀបចំ​កម្មវិធី​លា​ភាព​នៅ​លីវ​តាម​បែប​អឺរ៉ុប​រួច​រាល់​ហើយ​ដែរ តាំងពី​ដើម​ខែ សីហា ឆ្នាំ ២០២៥ មក​ម្ល៉េះ តែ​រៀបចំ​លក្ខណៈ​គ្រួសារ​តែ​ប៉ុណ្ណោះ និង​បាន​បង្ហាញ​ជា​សាធារណៈ​ឡើយ។

រំឭក​ពី​ប្រវត្តិ​​​ព្រះ​អង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា ទ្រង់មាន​ព្រះជន្ម ២៧ ព្រះវស្សា បាន​បញ្ចប់​ការ​សិក្សា​ពី​យ៉ាង​ជោគជ័យ​ថ្នាក់​បរិញ្ញាបត្រ និង​អនុបណ្ឌិត​ជំនាញ​នយោបាយ​អន្តជាតិ និង​ទទួល​បាន​រង្វាន់​សម្រាប់​និស្សិត​ឆ្នើម​បំផុត​នា​សកលវិទ្យាល័យ University of International Business and Economics រដ្ឋ​ធានី​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន។ ចំណែក​​ភាសា​វិញ ទ្រង់​អាច​ប្រើប្រាស់​បាន ៥ រួម​ទាំង​ខេមរភាសា និង​បារាំង,អង់គ្លេស, ចិន និង​ថៃ។

ទ្រង់ នរោត្តម ពង្សសូរិយា ជា​ព្រះ​បុត្រី​នៃ​សម្ដេច​ក្រុមព្រះ នរោត្តម ចក្រពង្ស់។ ដូច្នេះព្រះ​អង្គ​ជា​ព្រះ​រាជនត្តាក្សត្រី (ចៅស្រី) របស់​ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​បរមរតនកោដ្ឋ និង​ជា​ព្រះ​ភាគិនេយ្យា (ក្មួយស្រី) នៃ​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ ព្រះ​មហាក្សត្រ​កម្ពុជា៕

អត្ថបទ៖ ឆដា, រូបភាព៖ Cindy Premium Wedding Planner