មហាសេដ្ឋី គិត ម៉េង បានលើកឡើងថា មនុស្សភាគច្រើនគិតថាជោគជ័យកើតចេញពីការខំប្រឹង និងទេពកោសល្យតែប៉ុណ្ណោះ មិនមែនពីសំណាងទេ ប៉ុន្តែ តាមការពិត សំណាងជាចំណែកមួយដ៏ធំក្នុងភាពជោគជ័យ លើសពីអ្វីដែលយើងដឹង។


លោកសេដ្ឋីបានគូសបញ្ជាក់ថា សំណាងជួយអ្នកឲ្យទទួលបានឱកាស ប៉ុន្តែ ជំនាញ ឬទេពកោសល្យរបស់អ្នកធ្វើឲ្យអ្នករក្សាភាពជោគជ័យរបស់អ្នក។ ដូច្នេះ គោលគំនិតសំខាន់នោះគឺ សំណាងជាអ្នកត្រួសត្រាយផ្លូវដល់អ្នក រីឯជំនាញ ឬសមត្ថភាពអ្នកនឹងកំណត់ថាតើអ្នករក្សាភាពជោគជ័យរបស់អ្នកដល់កម្រិតណា។
បើតាមហាសេដ្ឋី គិត ម៉េង អ្នកមិនអាចគ្រប់គ្រងសំណាងបានទេ ប៉ុន្តែ អ្នកអាចបង្កើតឱកាសកាន់តែច្រើនដើម្បីទទួលបានសំណាង តាមរយៈការ៖
– ភ្ជាប់ទំនាក់ទំនងជាមួយមនុស្សអង់អាច មានចក្ខុវិស័យ និងហ៊ានប្រឈមនឹងហានិភ័យ ពីព្រោះការសន្ទនាដ៏មានន័យជាមួយមនុស្សត្រឹមត្រូវទាំងនេះអាចផ្លាស់ប្តូរគោលដៅជីវិតរបស់អ្នកបាន។
– ប្រើពេលវេលា និងថាមពលរបស់អ្នកទៅលើឱកាសថ្មីៗ និងទទួលយកហានិភ័យតូចៗ។
– ចាប់ផ្តើមធ្វើការលើគម្រោងតូចៗ ក្រៅពីការងារចម្បងរបស់អ្នក។
– រក្សាហិរញ្ញវត្ថុរបស់អ្នកឲ្យមានស្ថិរភាព ដូច្នេះអ្នកនឹងមិនខកខាននៅពេលមានឱកាសល្អមកដល់នោះទេ។
ចំណុចខាងក្រោមនេះគឺជាការផ្លាស់ប្តូរផ្នត់គំនិត៖
– ប្រសិនបើអ្នកគិតថា “ជោគជ័យពឹងផ្អែកលើសំណាងទាំងអស់” នោះជីវិតអ្នកនឹងអសកម្ម។
– ប្រសិនបើអ្នកគិតថា “ជោគជ័យស្ថិតតែលើជំនាញ” នោះវានឹងធ្វើឲ្យអ្នកក្លាយជាមនុស្សមានអំនួតតែលើខ្លួនឯង។
ម្ចាស់ The Royal Group រូបនេះបានបញ្ជាក់ថា ផ្នត់គំនិតត្រឹមត្រូវដែលអ្នកត្រូវប្រកាន់យកនោះគឺ “ខ្ញុំនឹងបន្តរៀនសូត្រ និងអភិវឌ្ឍខ្លួនឯងកាន់តែល្អប្រសើរ។ ដូច្នេះ នៅពេលសំណាងមកដល់ ខ្ញុំបានត្រៀមខ្លួនជាស្រេចដើម្បីចាប់យកឱកាសសំណាងនោះ”។
សូមគិតថាសំណាងគឺដូចផ្លេកបន្ទោរដែលអ្នកមិនអាចគ្រប់គ្រងបាន ពេលណាឲ្យកើតទ្បើង និងពេលណាមិនឲ្យកើតទ្បើង ប៉ុន្តែអ្នកអាចប្រឹងប្រែង ឬបង្កើតឱកាសឲ្យបានច្រើនដែលអាចនាំឲ្យអ្នកទទួលបានសំណាង។ សូមកុំរង់ចាំសំណាង សូមខំធ្វើសកម្មភាពរបស់អ្នកដោយការត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលសំណាង ពីព្រោះសំណាងកើតទ្បើងលើអ្នកត្រៀមខ្លួនរួចជាស្រេចតែប៉ុណ្ណោះ។ មហាសេដ្ឋី គិត ម៉េង បន្ថែម៕