លោក Jimmy Donaldson ដែលគ្រប់គ្នានិយមហៅថា MrBeast បានបង្ហើបថា លោកនឹងខ្ចីលុយម្ដាយរបស់ខ្លួន ដើម្បីរៀបចំពិធីមង្គលការជាមួយគូដណ្ដឹងអ្នកនាង Thea Booysen បើទោះជាកន្លងមកសារព័ត៌មាន Forbes អះអាងថា YouTuber ម្នាក់នេះមានទ្រព្យសម្បត្តិ ១ពាន់លានដុល្លារក្ដី។


សារព័ត៌មាន BusinessInsider បានចុះផ្សាយថា មង្គលការរបស់មហាសេដ្ឋីវ័យក្មេងរូបនេះ ទំនងនឹងកើតឡើងឆាប់ៗ បន្ទាប់ពីអ្នកទាំង២ បានភ្ជាប់ពាក្យកាលពីថ្ងៃបុណ្យគ្រីស្តម៉ាស ក្នុងឆ្នាំ២០២៤។
MrBeast បានបង្ហោះសារលើបណ្ដាញសង្គម X ថា សម្រាប់ពិធីមង្គលការរបស់លោក លោកនឹងខ្ចីប្រាក់ម្ដាយដើម្បីរៀបចំ ដោយសារលោកមានលុយតិចតួច ព្រោះលោកបានយកប្រាក់ទៅវិនិយោគអស់ច្រើនហើយ។ ម្យ៉ាងទៀត ទ្រព្យសម្បត្តិរបស់លោក គឺកំពុងបង្វិលរកស៊ីនៅអាជីវកម្មជាច្រើន ដូច្នេះមិនទាន់អាចដកមកប្រើប្រាស់បន្ទាន់ឡើយ។
គួរជម្រាបដែរថា កាលពីខែមុន សារព័ត៌មាន Forbes បានចាត់ទុក MrBeast គឺជាមហាសេដ្ឋីវ័យក្មេងបំផុតមួយរូបលើលោក ខណៈក្រុមហ៊ុន Beast Industries របស់លោក អាចរកចំណូលបានរហូតដល់ ៥០០លានដុល្លារក្នុងមួយឆ្នាំ និងមានតម្លៃដល់ទៅ ៥ពាន់លានដុល្លារឯណោះ៕
អត្ថបទ៖ Luffy រូបភាព៖ MrBeast