អាស៊ាន(ASEAN) ផ្តល់ពានរង្វាន់ដល់ក្រុមហ៊ុន អូស៊ីអាយស៊ី(OCIC) របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ ក្នុងវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលរៀបចំឡើងដោយ KSI Strategic Institute for Asia Pacific ។


វេទិកាឆ្នាំនេះ មានការចូលរួមពីថ្នាក់ដឹកនាំមកពីទូទាំងតំបន់ ក្រោមប្រធានបទ “ការបញ្ចេញសក្តានុពលរបស់អាស៊ាន តាមរយៈការច្នៃប្រឌិត រួមបញ្ចូល និងកំណើនប្រកបដោយចីរភាព”។ ពិធីនេះបានប្រារព្ធឡើងក្រោមអធិបតីភាពនៃថ្នាក់ដឹកនាំជាន់ខ្ពស់ រួមមាននាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្រ្តី និងទេសរដ្ឋមន្ត្រី លោក សុខ ស៊ីផាណា តំណាងសម្តេច ហ៊ុន ម៉ាណែត។
ក្នុងឱកាសនៃកិច្ចប្រជុំថ្នាក់តំបន់នេះ លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានផ្តល់កិត្តិយសដោយពានរង្វាន់ “សហគ្រិនឆ្នើមអាស៊ាន” និងក្រុមហ៊ុន អូស៊ីអាយស៊ី ទទួលបានពានរង្វាន់ “ឧត្តមភាពធុរកិច្ចអាស៊ាន” ។ ក្រុមហ៊ុន OCIC គូសបញ្ជាក់ថា ការទទួលស្គាល់ទាំងនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំធុរកិច្ចច្រើនទស្សវត្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីស្មារតីនៃកិច្ចសហការដែលបន្តរួមចំណែកដល់វិស័យឯកជនរបស់កម្ពុជា។

លោក Thierry Tea អនុប្រធានក្រុមហ៊ុន អូស៊ីអាយស៊ី បានតំណាងឡើងទទួលពានរង្វាន់ទាំងនេះ និងលោកបានទទួលពានរង្វាន់ “ASEAN Rising Star Award” ដែលតំណាងឱ្យភាពជាអ្នកដឹកនាំជំនាន់ថ្មីនៅក្រុមហ៊ុន អូស៊ីអាយស៊ី ដែលបន្តជំរុញដោយការប្តេជ្ញាចិត្តដល់គោលបំណង ការច្នៃប្រឌិត និងការចូលរួមក្នុងការបង្កើនអត្ថប្រយោជន៍រយៈពេលវែងសម្រាប់សហគមន៍។