បើចង់អង្គុយរួមតុបាយជាមួយប្រធានាធិបតី Donald Trump ម្ដង តើត្រូវចំណាយប្រាក់ប៉ុន្មាន?

សារព័ត៌មាន The New Yorker បានរាយការណ៍ថា ប្រធានាធិបតី Donald Trump បានអនុញ្ញាតឲ្យប្រជាជន ចូលសម្ដែងការគួរសមមួយទល់មួយ ឬទទួលទានអាហារមួយពេលជាមួយលោកបាន បើសិនជាពួកគេបរិច្ចាគទឹកប្រាក់ទៅកាន់មូលនិធិ MAGA Inc ដែលជាអ្នកគាំទ្រធំបំផុតរបស់លោក Trump។

តាមដានជាមួយយើង៖ Million Times

ទស្សនាវដ្ដីអាមេរិកនេះអះអាងថា តម្លៃកៅអីជួបជជែកផ្ទាល់ជាមួយប្រធានាធិបតី Trump គឺត្រូវចំណាយប្រាក់ខ្ទង់ ៥លានដុល្លារ ទៅកាន់មូលនិធិ MAGA។ កន្លងមកមេដឹកនាំអាមេរិករូបនេះ ក៏ធ្លាប់ប្រកាសលក់កៅអីសម្រាប់កម្មវិធីផ្សេងៗរបស់លោកផងដែរ។

កាលពីខែធ្នូ ក្រុមអ្នកគាំទ្រលោក Trump អាចទទួលបានឱកាសចូលរួមកម្មវិធីទទួលទានអាហារពេលល្ងាច នៅភូមិគ្រឹះ Mar-a-Lago ដោយត្រូវចំណាយម្នាក់ ១លានដុល្លារ ទៅកាន់មូលនិធិ MAGA។

ថ្មីៗនេះ សេតវិមានក៏ទើបនឹងរៀបចំកម្មវិធីមួយ ដែលគេឲ្យឈ្មោះថា Crypto Dinner ដែលមានអ្នកចូលរួមសុទ្ធសឹងតែជារកស៊ីក្នុងវិស័យកាក់ឌីជីថល ខណៈតម្លៃកៅអីក្នុងម្នាក់គឺ ១,៧លានដុល្លារ និងត្រូវបានគេហៅថា ជាលិខិតអញ្ជើញមានតម្លៃថ្លៃបំផុតលើលោក។

គួរជម្រាបដែរថា មូលនិធិ MAGA ដែលជាខ្នងបង្អែកធំបំផុតមួយគាំទ្រលោក Donald Trump លើផ្នែកហិរញ្ញវត្ថុ ទទួលបានទឹកប្រាក់ច្រើនសន្ធឹកពីការលក់សំបុត្រជូនមហាសេដ្ឋី ក្នុងការជួបជជែកផ្ទាល់ជាមួយប្រធានាធិបតីអាមេរិក ពោលរយៈពេលប៉ុន្មានខែមកនេះ លោក Donald Trump មានការទទួលទានអាហារបែបឯកជនមួយទល់មួយ ជាមួយធុរជនគ្រាក់ៗច្រើនជាង ២០០នាក់មកពីទូទាំងសកលលោក៕

អត្ថបទ៖ Luffy រូបភាព៖ AP