តារាបង្ហាញម៉ូដ Hailey Bieber ប្រពន្ធរបស់តារាចម្រៀងល្បី Justin Bieber បានលក់ម៉ាកយីហោគ្រឿងសម្អាង និងថែរក្សាសម្រស់ Rhode ទៅឲ្យក្រុមហ៊ុន Elf Beauty ក្នុងតម្លៃប្រហែល ១ពាន់លានដុល្លារកាលពីពេលថ្មីៗ។


សារព័ត៌មាន Reuters បានចុះផ្សាយថា ក្រុមហ៊ុន Elf នឹងបង់ប្រាក់ជូនលោកស្រី Bieber ប្រហែល ៨០០លានដុល្លារ ជាប្រាក់សុទ្ធ និងចំណែកភាគហ៊ុន ខណៈ ២០០លានដុល្លារទៀត នឹងត្រូវបង់នាពេលក្រោយតាមការចរចារវាងភាគីទាំងសងខាង។
គួររំលឹកបន្តិចថា ក្រុមហ៊ុនលក់គ្រឿងសម្អាង Rhode របស់លោកស្រី Bieber ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២២ និងទទួលបានប្រជាប្រិយភាពខ្លាំងនៅលើបណ្ដាញសង្គម TikTok ជាពិសេសគឺយុវជន យុវតីសម័យថ្មី ដោយសារមានតម្លៃសមរម្យ និងគុណភាពល្អ។

លោកស្រី Hailey Bieber នឹងនៅតែរក្សាតំណែងរបស់នាងជាស្ថាបនិកក្រុមហ៊ុន និងជាទីប្រឹក្សាយុទ្ធសាស្ត្រ ប្រចាំក្រុមហ៊ុន Rhode បើទោះជាលោកស្រីលក់ក្រុមហ៊ុនហើយក្ដី។ កិច្ចព្រមព្រៀងមួយនេះ ត្រូវបានរំពឹងថានឹងសម្រេចដោយរលូនត្រឹមចុងត្រីមាសទី២ ក្នុងឆ្នាំ២០២៦៕
អត្ថបទ៖ Luffy រូបភាព៖ TMZ