ការធ្វើអំពើសប្បុរសធម៌ គឺជាសកម្មភាពមួយដែលក្រុមមហាសេដ្ឋីទូទាំងពិភពលោក តែងតែធ្វើជារៀងរាល់ថ្ងៃ ដោយអ្នកខ្លះធ្វើច្រើន និងតិចតាមសមត្ថភាពរបស់ពួកគេ។ ប៉ុន្តែក្នុងនោះមានមហាសេដ្ឋីមួយចំនួន ប្រកាសបរិច្ចាគទ្រព្យសម្បត្តិពួកគេសឹងទាំងអស់ ដើម្បីអំពើសប្បុរសធម៌។


សារព័ត៌មាន Observer បានរាយការណ៍ថា បច្ចុប្បន្នមានមហាសេដ្ឋីចំនួន ៦រូប ដែលបានប្រកាសថា ពួកគេនឹងបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួនសឹងទាំងស្រុង សម្រាប់កម្មវិធីសប្បុរសធម៌នាពេលអនាគត ដោយមិនបន្សល់ទុកកេរមតកសម្រាប់កូនៗជំនាន់ក្រោយឡើយ។
មហាសេដ្ឋីទាំង ៦រូបនោះរួមមាន លោក Mark Zuckerberg ដែលធ្លាប់សន្យាថា នឹងបរិច្ចាគទ្រព្យសម្បត្តិ ៩៩% ខណៈលោកស្រី Laurene Powell Jobs ភរិយាសហស្ថាបនិកក្រុមហ៊ុន Apple លោក Steve Jobs បានប្រកាសបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាង ១៤ពាន់លានដុល្លារទាំងអស់។

ចំណែកឯលោក Yvon Chouinard បានផ្ទេរទ្រព្យសម្បត្តិ ១,២ពាន់លានដុល្លារ ទៅកាន់អង្គការមិនរកប្រាក់ចំណេញមួយក្នុងឆ្នាំ២០២២ ស្របពេលអតីតអភិបាលក្រុងញូវយ៉ក មហាសេដ្ឋី Michael Bloomberg អះអាងថា ទ្រព្យសម្បត្តិទាំងអស់របស់លោក មានចំនួន ១០៤,៧ពាន់លានដុល្លារ នឹងត្រូវផ្ទេរទៅកាន់មូលនិធិសប្បុរសធម៌ នៅពេលលោកចែកឋាន។

រីឯមហាសេដ្ឋីចំនួន ២រូបទៀតគឺ សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates និងបិតាវិនិយោគិន Warren Buffett សុទ្ធតែបានប្រកាសក្ដែងៗថា ទ្រព្យសម្បត្តិមួយភាគធំ នឹងត្រូវបរិច្ចាគទៅកាន់កម្មវិធីសប្បុរសធម៌ ដោយបន្សល់ទុកត្រឹមមួយចំណែកតូចសម្រាប់កូនៗជំនាន់ក្រោយ ទុកជាដើមទុនរកស៊ីដោយខ្លួនឯងនាពេលក្រោយ៕
អត្ថបទ៖ Luffy រូបភាព៖ AP