ស្រ្តីវ័យក្មេង ២រូបរបស់កម្ពុជា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ពីសកលវិទ្យាល័យ Columbia និង Harvard 

កូនស្រីរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត គឺកញ្ញា ជា អាំងជូឡា និងអតីតសិស្សនិទ្ទេស A ម្នាក់ទៀត បានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Columbia និង Harvard នៅសហរដ្ឋអាមេរិក ដែលនេះបានសរបញ្ជាក់យ៉ាងច្បាស់ថា មិនមែនមួយ មិនមែនពីរ តែនៅមានច្រើនទៀតដែលយុវជនកម្ពុជាពោរពេញដោយសមត្ថភាព និងមានសក្តានុពលខ្ពស់បានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យកំពូលដូច Columbia និង Harvard។

តាមដានជាមួយយើង៖ Million Times

លោក ជា វ៉ាន់ដេត បានបង្ហោះលើបណ្តាញសង្គម Facebook ឲ្យដឹងថា ក្នុងដំណើរបំពេញការងារនៅ Silicon Valley លោកបានឆ្លៀតពេលថតរូបនិងចូលរួមពិធីប្រគល់-ទទួលសញ្ញាបត្របរិញ្ញាប័ត្រជាន់ខ្ពស់ ( Master Degree ) នៃសាកលវិទ្យាល័យល្បីលំដាប់ពិភពលោក របស់និស្សិតជាធនធានមនុស្សឆ្នើមកម្ពុជា ២ រូប៖

១. កញ្ញា ជា អាំងជូឡា  ( Master Degree in Public Policy, Columbia University )

២. កញ្ញា សេង រ័ត្នសេដ្ឋាមុនី ( Master Degree in Education policy and analysis, Harvard University ) 

លោកបានសរសេរថា ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន និងបន្ទាប់មកសម្តេច ហ៊ុន ម៉ាណែត យុវជនកម្ពុជា ជាច្រើនមានលទ្ធភាពទទួលបានការសិក្សានៅសាកលវិទ្យាល័យល្បីៗនៅជុំវិញពិភពលោក។

កញ្ញា សេង រ័ត្នសេដ្ឋសមុនី អតីតសិស្សនិទ្ទេស A ឆ្នាំ២០១៨ ជានិស្សិតដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យ American University of Phnom Penh បានសរសេរលើបណ្តាញសង្គមរបស់ខ្លួនយ៉ាងដូច្នេះថា «ខ្ញុំពិតជាមានកិត្តិយស និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។ បើគ្មានការគាំទ្រឥតងាករេ និងដំបូន្មានដ៏មានតម្លៃរបស់គាត់ទេ ខ្ញុំនឹងមិនមានឱកាសបន្តការសិក្សារបស់ខ្ញុំនៅសាកលវិទ្យាល័យ Harvard Graduate School of Education នោះទេ។

កញ្ញាបានបន្តថា ដំណើរនេះមិនមែនរបស់ខ្ញុំតែម្នាក់ឯងនោះទេ គឺអាចធ្វើទៅបានតាមរយៈការលើកទឹកចិត្ត និងជំនឿរបស់អ្នកណែនាំ និងថ្នាក់ដឹកនាំដូចជា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម ជា វ៉ាន់ដេត ដែលបំផុសយុវជនកម្ពុជាឱ្យឈានទៅឆ្លងព្រំដែន និងប្រគល់ជូនជាតិយើងវិញប្រកបដោយចំណេះដឹង និងគោលបំណង។

កញ្ញា សេង រ័ត្នសេដ្ឋសមុនី បានបញ្ជាក់ថា ក្នុងរូបថតនេះ ខ្ញុំទទួលបានសិទ្ធិឈរក្បែរ ឯកឧត្តម ជា វ៉ាន់ដេត និងលោក ឆែ កែវ ឯកអគ្គរដ្ឋទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ។ ខ្ញុំមានការបន្ទាបខ្លួនចំពោះការណែនាំ និងការយកចិត្តទុកដាក់របស់ពួកគេក្នុងការផ្តល់អំណាចដល់អ្នកដឹកនាំជំនាន់ក្រោយរបស់កម្ពុជា»៕

អត្ថបទ៖ ចរណៃ រូបភាព៖ ផេកលោក ជា វ៉ាន់ដេត និងកញ្ញា សេង រ័ត្នសេដ្ឋសមុនី