កូនស្រីឯកឧត្ដម ជិត គន្ធុល និងលោកស្រី គ្រី វួចឈង បានរៀបចំកម្មវិធីមង្គលការយ៉ាងអធិកអធមកាលពីចុងសប្ដាហ៍កន្លងទៅ ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនពីសំណាក់ភ្ញៀវកិត្តិយស ពិសេសសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា។


កម្មវិធីមង្គលការដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំតាមស្ថាប័នធំៗជាច្រើន ដើម្បីជាសាក្សីស្នេហ៍នៃកូនកំលោះនាម នួន ច័ន្ទវិបុត្រ និងកូនក្រមុំ ជិត យូរីកូ។ ក្នុងបរិយាកាសសប្បាយរីករាយ ទាំងមេបាសងខាង និងភ្ញៀវកិត្តិយសទាំងអស់ ពោរពេញទៅដោយស្នាមញញឹម និងឲ្យពរជ័យដល់គូស្វាមីភរិយាទាំង ២។
កម្មវិធីប្រពៃណីរៀបចំតាមលំដាប់លំដោយ តាំងពីថ្ងៃចូលរោងជ័យតាំងពីល្ងាចថ្ងៃ ៩ រហូតមកដល់កម្មវិធីជប់លៀងទទួលទានអាហារពេលល្ងាចថ្ងៃ ១០ ខែឧសភា ឆ្នាំ ២០២៥ នោះ សង្កេតឃើញថា ភ្ញៀវលំដាប់កំពូលៗមានថ្នាក់ដឹកនាំប្រទេស និងអ្នកជំនួញធំៗមានមុខមាត់ ឋានៈក្នុងសង្គមចូលរួមជាបន្តបន្ទាប់។


និយាយពីកន្លែងរៀបចំកម្មវិធីវិញម្ដង ឃើញថាធ្វើឡើងនៅអគារពិព័រណ៍អន្តរជាតិជ្រោយចង្វា OCIC។ បរិវេណរៀបចំធំទូលាយ បូករួមការដេគ័រផ្កា ក្បាច់រចនាបែបខ្មែរ អំពូលគ្រីស្តាល់យ៉ាងប្រណីត ញ៉ាំងឲ្យលេចសម្រស់មួយផ្នែក ហើយកូនកំលោះ-ក្រមុំ និងញាតិមិត្តជិតឆ្ងាយ រៀបចំកាយស្អាតៗ ចែងចាំងរស្មី មើលទៅស្រស់បំព្រង។
គូរបញ្ជាក់ផងដែរថា ឯកឧត្ដម ជិត គន្ធុល គឺជាកូនប្រសាប្រុស អ្នកឧកញ៉ា ឧត្ដមមង្គលសោភ័ណ្ឌ គ្រី ទូច ដោយអ្នកឧកញ៉ា ឧត្ដមមង្គលសោភ័ណ្ឌ គ្រី ទូច គឺជាបងប្រុសបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕
















អត្ថបទ៖ មេរ៉ា, រូបភាព៖ One Memory