កាលពីសប្ដាហ៍មុនកូនស្រីរបស់អ្នកឧកញ៉ា ភួ ពុយ មានឈ្មោះ ភួ យូនីលីវើ បានចូលរោងជ័យជាមួយបុរសសង្ហាមានគ្រប់យ៉ាង រិន សុភារៈ ដែលជាកូនប្រុសលោក ហាយ វណ្ណរិន និងលោកស្រី ឈរ ហុងឆាយ។


រោងការពោរពេញទៅដោយផ្កា ស្រស់ និងរៀបចំឡើងយ៉ាងប្រណីត អញ្ជើញភ្ញៀវជាអ្នកធំធ្វើឲ្យអ្នកបាត់ដំបង សរសើរគ្រប់ៗគ្នា។ ទោះជានៅទីរួមខេត្តបាត់ដំបងក៏ពិតមែន តែភ្ញៀវសឹងតែគ្រប់រូប បានផ្ដល់កិត្តិយសចូលរួមឲ្យពរជ័យ ដល់គូស្វាមីភរិយាថ្មោងថ្មីនេះតាំងពីថ្ងៃចូលរោង។
មង្គលការមានរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃ ៩ ដល់ថ្ងៃ ១០ ខែឧសភា នៃគ្រួសារអ្នកមានទ្រព្យ និងមុខមាត់ក្នុងសង្គមគូនេះ សុទ្ធភ្ញៀវកិត្តិយសពិសេសសុទ្ធតែជាអ្នកនៅភ្នំពេញ ដែលមានឋានៈមុខមាត់ក្នុងសង្គម ជាពិសេសជំទាវទី១ ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្ត្រីកម្ពុជា។


ក្រៅពីភរិយានាយករដ្ឋមន្ត្រីកម្ពុជា ជំទាវទី១ ពេជ ចន្ទមុន្នី ក៏នៅមានអ្នកជំនួញល្បីៗជាច្រើននៅក្នុងស្រុកខ្មែរ បានទៅចូលរួមថ្ងៃសិរីមង្គល និងធ្វើជាចាស់ទុំដឹងឮក្នុងពិធីមង្គលការដ៏ធំមួយនេះ។
ក្រឡេកទៅមើលកូនក្រមុំ ដ៏ស្រស់សោភា ឫកពាសមសួនថ្លៃថ្នូរ ញញឹមញញែម សំពះទន់ភ្លន់ចំពោះភ្ញៀវគ្រប់រូបដែលចូលរួម។ ចំណែកកូនកំលោះឯណោះវិញ ទាំងសង្ហា មានចំណេះដឹង និងមានឫកពាជាសុភាពបុរសចំតួ។ គូស្វាមីប្ដីប្រពន្ធនេះ ពិតជាសមគ្នាទាំងរូបសម្បត្តិ និងចំណេះដឹង ហើយជាពិសេសមានភាពចាស់ចិត្តគំនិត អាចសាងគ្រួសារមួយយ៉ាងពេញលេញ៕














អត្ថបទ៖ មេរ៉ា, រូបភាព៖ The ring wedding cambodia