ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជារយៈពេល២ ថ្ងៃ នៅជប៉ុន ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ១០ ម៉ឺននាក់

ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា ប្រចាំឆ្នាំលើកទី៩ ឆ្នាំ២០២៥ (9th Cambodia Festival) នៅឧទ្យានយ៉ូយ៉ូហ្កិផាក (Yoyogi Park) នាទីក្រុងតូក្យូ បានបិទបញ្ចប់កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ មានភ្ញៀវជាតិ និងអន្តរជាតិប្រមាណ ១០ម៉ឺននាក់។

តាមដានជាមួយយើង៖ Million Times

លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា ដែលមានរយៈពេលចាប់ពីថ្ងៃទី៣-៤ ខែឧសភា មានភ្ញៀវជាតិ និងអន្តរជាតិចម្រុះជាតិសាសន៍ប្រមាណជា ១០ម៉ឺននាក់ មកចូលរួមទស្សនាការដាក់តាំងបង្ហាញផលិតផលខ្មែរ មុខម្ហូបខ្មែរ។

ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន លើកឡើងថា ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជានេះ មានគោលបំណងដើម្បីផ្សព្វផ្សាយ និងលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ ជំរុញការវិនិយោគ ទេសចរណ៍ ផលិតផលសក្តានុពល និងម្ហូបអាហារខ្មែរទៅកាន់ប្រជាជនជប៉ុន និងភ្ញៀវបរទេសផ្សេងទៀត។

ក្នុងព្រឹត្តិការណ៍ពិព័រណ៍ឆ្នាំនេះ មានស្តង់ចំនួនជាង ៨០ បានដាក់តាំងបង្ហាញនូវផលិតផលខ្មែរ មុខម្ហូបខ្មែរ ផ្សព្វផ្សាយពីគោលដៅ​ទេសចរណ៍ និងសក្តានុពលវិនិយោគនានា ការសម្តែងសិល្បៈចម្រុះ ចម្រៀងបុរាណនិងសម័យ រួមទាំងការរាំលេងកម្សាន្ត និងការបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរ ដែលសម្តែងដោយក្រុមសិល្បៈអញ្ជើញមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា កុមារាកុមារីខ្មែរនៅជប៉ុន ក្រុមសមាគមនិស្សិតខ្មែររៀននៅជប៉ុន និងជនជាតិជប៉ុនដែលស្រឡាញ់វប្បធម៌ខ្មែរ ផងដែរ៕

អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ ស្ថានទូតកម្ពុជាប្រចាំនៅជប៉ុន