កម្មវិធីសិរីមង្គលព្រះពិធីចែចូវព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ជាមួយកូនកំលោះ អ៊ឹង ស៊ីវឈន់ ដែលជាកូនប្រុសទី៣របស់សេដ្ឋី អ៊ឹង ប៊ុនហ៊ូវ បានប្រព្រឹត្តិទៅចប់សព្វគ្រប់ ហើយទទួលបានការជូនពរពីសំណាក់មហាជនច្រើនកុះករ។


បន្ទាប់ពីកម្មវិធី Proposal បែបបស្ចិមប្រទេសកាលពីចុងខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ កម្មវិធីបែបប្រពៃណីខ្មែររវាងសែរាជវង្សនិងត្រកូលសេដ្ឋី ក៏ត្រូវបានរៀបចំឡើងយ៉ាងឱឡារិកបំផុត កាលពីថ្ងៃ ១ ខែឧសភា ឆ្នាំ ២០២៥ ម្សិលមិញនេះ។
សិរីមង្គលព្រះពិធីចែចូវរបស់ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ជាមួយ CEO រូបសង្ហានៃក្រុមហ៊ុនដូនពេញ ត្រេឌីង ឯ.ក គ្មានអ្វីទាស់ចិត្តឡើយ ទាំងភ្ញៀវពន្លឺ សាច់សាលោហិត និងក្រុមគ្រួសារសុទ្ធតែបានត្រៀមខ្លួន និងរៀបចំយ៉ាងប្រណីត ដើម្បីអបអរអនាគតគូស្វាមីភរិយាទាំងទ្វេ។ អ្វីដែលកាន់តែអស្ចារ្យក្រុមសម្អាងការបានរៀបចំកាយា ឈុត និងតុបតែងឲ្យកូនក្រមុំយ៉ាងស្រស់សោភា បញ្ចេញពន្លឺចែងចាំង បង្ហាញឫកពា ថ្លៃថ្នូរសមនឹងវង្សត្រកូល ឋានៈមុខមាត់ក្នុងសង្គម។

សម្រាប់ភ្ញៀវដែលម្ចាស់កម្មវិធីបានអញ្ជើញក្នុងកម្មវិធីសិរីមង្គលព្រះពិធីចែចូវ សុទ្ធតែជាអ្នកជិតស្និទ្ធប៉ុណ្ណោះ ដោយខាងប្រុសភ្ញៀវចាស់ទុំគឺលំដាប់សេដ្ឋីៗជាអ្នករកស៊ីជាមួយសហស្ថាបនិកក្រុមហ៊ុន អាយអិនជី ហូលឌីង។ ក្រោយចប់កម្មវិធីពេលព្រឹក ល្ងាចឡើងក៏មានការជប់លៀងទទួលអាហារ សម្រាប់ភ្ញៀវ និងក្រុមគ្រួសារទាំងសងខាងផងដែរ៕
























អត្ថបទ៖ មេរ៉ា,រូបភាព៖ The ring wedding cambodia