មានតែនៅឌូបៃប៉ុណ្ណោះ! ផ្លាកលេខមួយសន្លឹក មានតម្លៃស្មើរថយន្ត Lamborghini ៣គ្រឿង

កាលពីថ្ងៃទី២៦ ខែមេសា អាជ្ញាធរផ្លូវថ្នល់ និងដឹកជញ្ជូនទីក្រុងឌូបៃ (RTA) បានរៀបចំកម្មវិធីដេញថ្លៃផ្លាកលេខរថយន្តពិសេសលើកទី១១៨ និងមានការចូលរួមពីសំណាក់អភិជន និងបុគ្គលល្បីឈ្មោះជាច្រើនរូប។

តាមដានជាមួយយើង៖ Million Times

គេហទំព័រ Luxurylaunches បានចុះផ្សាយថា ក្នុងកម្មវិធីមួយនោះ RTA ប្រមូលថវិកាបានជិត ២៧លានដុល្លារ ពីការលក់ផ្លាកលេខ និងបានបំបែកកំណត់ត្រាចាស់ៗថែមទៀត។ ក្នុងនោះផ្លាកលេខដែលលក់បានបានថ្លៃបំផុតគឺ Dubai CC 22។

ផ្លាកលេខមួយសន្លឹកនេះ ត្រូវបានអ្នកចូលរួមកម្មវិធីប្រកួតប្រជែងដេញថ្លៃយ៉ាងស្វិតស្វាញ ហើយវាត្រូវបានលក់ចេញក្នុងតម្លៃ ២,២៧លានដុល្លារ ដែលនេះមានន័យថា តម្លៃផ្លាកលេខមួយសន្លឹកនេះ អាចទិញបានរថយន្តប្រណីត Lamborghini Revuelto រហូតដល់ ៣គ្រឿងឯណោះ ខណៈសមាសភាពរបស់សេដ្ឋីដែលទិញផ្លាកលេខមួយនេះ ត្រូវបានលាក់អត្តសញ្ញាណ។

វាគឺជារឿងសាមញ្ញទៅហើយ ដែលសេដ្ឋីៗឌូបៃចំណាយប្រាក់ខ្ទង់លានដុល្លារ ដើម្បីទិញផ្លាកលេខបំពាក់លើរថយន្តរបស់ពួកគេ ដើម្បីបង្ហាញពីឥទ្ធិពល អំណាច និងលើកកិត្តិយសរបស់ពួកគេនៅក្នុងសង្គម៕

អត្ថបទ៖ Luffy រូបភាព៖ Luxurylaunches