ស្ថាបនិកក្រុមហ៊ុន JD.com មហាសេដ្ឋីចិន Richard Liu Qiangdong កាលពីប៉ុន្មានថ្ងៃមុន បានបង្កការភ្ញាក់ផ្អើលពេញទីក្រុងប៉េកាំង បន្ទាប់ពីរូបលោកបានជិះម៉ូតូដឹកម្ហូបជូនភ្ញៀវដោយផ្ទាល់ដៃ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន SCMP។


តាមរយៈការចែកចាយរូបភាពលើបណ្ដាញសង្គមចិន បានឲ្យដឹងថា លោក Liu បានពាក់ឯកសណ្ឋានក្រុមហ៊ុនពណ៌ក្រហម បើកម៉ូតូអគ្គិសនីដឹកជញ្ជូនអាហារឲ្យអតិថិជនពេញទីក្រុងប៉េកាំង។ CEO ក្រុមហ៊ុន JD.com រូបនេះក៏បានរៀបចំការទទួលទានស៊ុបហតផត ជាមួយបុគ្គលិកដឹកជញ្ជូនអាហារជាច្រើននាក់ ក្រោយបញ្ចប់ភារកិច្ចផងដែរ។
ក្រុមហ៊ុន JD.com ដែលជាផ្លេតហ្វមពាណិជ្ជកម្មអេឡិចត្រូនិកខ្នាតយក្សមួយនៅចិន បានចាប់ផ្ដើមប្រឡូកក្នុងវិស័យដឹកជញ្ជូនអាហារកាលពីខែកុម្ភៈ ហើយពួកគេអះអាងថា មានបុគ្គលិកសម្រាប់ដឹកជញ្ជូន រហូតដល់ ១០ ០០០នាក់ និងទទួលបានការបញ្ជាទិញប្រចាំថ្ងៃ ច្រើនជាង ១លានដងទូទាំង ១៤២ទីក្រុងក្នុងប្រទេសចិន។
គួរជម្រាបបន្តិចថា លោក Richard Liu Qiangdong គឺជាមហាសេដ្ឋីចិនមួយរូប ដែលព្យាយាមរកស៊ីពីបាតដៃទទេ រហូតមានទ្រព្យសម្បត្តិច្រើនស្ដុកស្ដម្ភ ដោយបច្ចុប្បន្នលោកមានទ្រព្យសម្បត្តិប្រហែល ៦,៥ពាន់លានដុល្លារ៕
អត្ថបទ៖ Luffy រូបភាព៖ បណ្ដាញសង្គម