សម្ដេច ហ៊ុន សែន បានទទួលផ្ទះ និងដីចម្ការ សម្រាប់ផ្ដល់ជូនគ្រួសារកុមារី ស៊ុន ស្រីតី រួចហើយ នៅព្រឹកថ្ងៃ ២៨ ខែមេសា នេះដោយលោក សេង ទៀង បានចុះទៅពិនិត្យផ្ទាល់នៅទីតាំងដី១ កន្លែងមានទំហំ ៦ ២៧០ ម៉ែត្រការ៉េ ស្ថិតនៅភូមិទី ៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។


បន្ទាប់ពីទទួលបានការណែនាំពីប្រធានព្រឹទ្ធសភា កាលពីរសៀលថ្ងៃ ២៧ ខែមេសា ឆ្នាំ ២០២៥ រួចមក នៅព្រឹកថ្ងៃ ២៨ ខែមេសា ឆ្នាំ ២០២៥ ឧកញ៉ាមួយរូបផ្ដល់ដីចម្ការជូនសម្ដេច ហ៊ុន សែន ទុកប្រគល់ឲ្យគ្រួសារកុមារីលក់ផ្កានៅភ្នំគិរីរម្យ ដែលល្បីល្បាញលើបណ្ដាញសង្គមកាលពីសប្ដាហ៍មុន។
ដីនោះ ជាដីមានប្លង់កម្មសិទ្ធិស្របច្បាប់ ដែលច្បាប់ដើមជារបស់ឧកញ៉ា ពៅ ពន្លក ដោយមានប្រវែងក្បាលដីជាប់ផ្លូវជាតិទៅគិរីរម្យប្រមាណ ២៥ ម និងចម្ងាយប្រមាណ ១,៥ គម ចុះពីជើងភ្នំគិរីរម្យ។ ដីខាងលើនេះ ជាដីមានផ្ទះ និងមានចម្ការដំណាំស្រាប់ ដែលភាគច្រើនជាដើមស្វាយអាចទទួលផលផ្លែរួច។

បន្ទាប់ពីឃើញការផ្សព្វផ្សាយតាមរយៈព័ត៌មាន និងបណ្ដាញសង្គម ស្វែងរកដីសម្រាប់ធ្វើលំនៅឋាន និងធ្វើចម្ការដល់ក្រុមកុមារី តី រួចមកឧកញ៉ា ពៅ ពន្លក ក៏សម្រេចចិត្តជូនដីនោះទៅសម្ដេច ហ៊ុន សែន តាមរយៈលោក សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ដើម្បីផ្ដល់ឲ្យគ្រួសារកុមារី ស៊ុន ស្រីតី ជាកម្មសិទ្ធិស្របច្បាប់ ដើម្បីជាផ្ទះសម្បែងអាចប្រកបរបររកស៊ីបាន។
សម្ដេចតេជោ បានផ្ដល់ប្រាក់ដុល្លារចំនួន ១០ ០០០ ដុល្លារ និងប្រាក់រៀលចំនួន ៣០ លានរៀល ដោយដាក់ចូលគណនីធនាគារឲ្យទៀតផង ហើយក៏នឹងផ្ដល់ ១ លានរៀលក្នុង១ខែ រយៈពេល៣ឆ្នាំ ដល់គ្រួសារ ស៊ុន ស្រីតី ដែរ ក្រោយបានចូលជួប និងសំណេះសំណាលសួរសុខទុក្ខនៅភូមិគ្រឹះតាខ្មៅ កាលពីរសៀលថ្ងៃ២៧ ខែមេសា ឆ្នាំ២០២៥ ម្សិលមិញនេះ៕


អត្ថបទ៖ មេរ៉ា, រូបភាព៖ Samdech Hun Sen of Cambodia