ប៉ាៗ ឧកញ៉ាវ័យក្មេង គិត សូឡា គឺអ្នកឧកញ៉ា គិត ម៉េង ធ្លាប់គិតថា លោកអាត្មានិយមលើរឿងចំណាយពេលវេលាសម្រាប់ខ្លួនឯង តែក្រោយមកទើបយល់ច្បាស់ថាវាពិតជាសំខាន់ណាស់ក្នុងការចំណាយពេលសម្រាក និងប្រមូលថាមពលឡើងវិញ។
លើបណ្តាញសង្គម Facebook នៅថ្ងៃទី១៨ មេសានេះ ម្ចាស់ធនាគារ វីង អ្នកឧកញ៉ា គិត ម៉េង បានបង្ហើបឲ្យដឹងថា លោកធ្លាប់គិតថាការចំណាយពេលវេលាសម្រាប់ខ្លួនឯង គឺជារឿងអាត្មានិយម។ ទោះបីនឿយហត់ លោកត្រូវអត់ទ្រាំ ហើយប្រាប់ខ្លួនឯងថា លោកត្រូវបន្តធ្វើការ ដោយមិនអាចឈប់សម្រាកបានទេ រហូតទាល់តែកិច្ចការគ្រប់យ៉ាងត្រូវបានបំពេញរួចរាល់។ ប៉ុន្តែ ការពិតនោះគឺ ការងារគ្មានទីបញ្ចប់ពិតប្រាកដនោះទេ។


អ្នកឧកញ៉ាសរសេរបញ្ជាក់ថា៖ «ខ្ញុំស្គាល់មនុស្សមួយចំនួន។ ពួកគាត់បានឈានដល់ចំណុចមួយដែលពួកគាត់មិនអាចបន្តទៅមុខបាន ដោយសារតែភាពនឿយកម្លាំងខ្លាំង ហើយសូម្បីតែកិច្ចការសាមញ្ញបំផុត ក៏ពួកគាត់មានអារម្មណ៍ថាពួកគាត់មិនអាចធ្វើបានដែរ។ ការណ៍នេះហើយដែលធ្វើឲ្យខ្ញុំដឹងថា ប្រសិនបើខ្ញុំមិនឈប់សម្រាកដើម្បីមើលថែខ្លួនឯងទេនោះ នៅថ្ងៃណាមួយ ខ្ញុំនឹងច្បាស់ជាជួបស្ថានភាពបែបនេះដូចពួកគេដែរ»។
«ឥឡូវនេះ ខ្ញុំកំណត់ពេលដើម្បីសម្រាកបន្តិចបន្តួច ទោះបីត្រឹមតែ១៥នាទីក៏ដោយ ដោយអង្គុយនៅខាងក្រៅផឹកកាហ្វេមួយពែង ឬចំណាយពេលមួយម៉ោងគយគន់ថ្ងៃលិច។ ពេលខ្លះ ខ្ញុំធ្វើដំណើរកម្សាន្តចុងសប្តាហ៍ជាមួយគ្រួសាររបស់ខ្ញុំ ទៅកាន់កន្លែងស្ងប់ស្ងាត់ដែលអាចឲ្យខ្ញុំសម្រាក និងបន្ធូរអារម្មណ៍បាន។ សកម្មភាពទាំងនេះមិនមែនជាការចំណាយប្រាក់ច្រើនហួសហេតុនោះទេ ប៉ុន្តែជាពេលវេលាមានតម្លៃ និងមានន័យសម្រាប់ខ្ញុំ។ ពេលវេលាទាំងនេះធ្វើឲ្យខ្ញុំដឹងថាសមិទ្ធផលដែលខ្ញុំអាចសម្រេចបានមិនមែនជាផ្នែកសំខាន់តែមួយគត់នៃជីវិតនោះទេ អារម្មណ៍រីករាយនឹងជីវិតក្នុងពេលបច្ចុប្បន្នក៏មានសារៈសំខាន់ដូចគ្នាទៅនឹងសមិទ្ធផលដែរ»។ អ្នកឧកញ៉ាបន្ថែម។
ជាអនុសាសន៍ណែនាំរបស់អ្នកឧកញ៉ា គិត ម៉េច យល់ថា ប្រសិនបើអ្នកមានអារម្មណ៍ធុញថប់ អ្នកគួរដឹងថាអ្នកមិនបានឆ្លងកាត់ចំណុចនេះតែម្នាក់ឯងនោះទេ។ អ្នកមិនត្រូវការវិស្សមកាលធំ ដើម្បីមានអារម្មណ៍ល្អនោះទេ។ ការសម្រាកបន្តិចបន្តួចក៏អាចផ្តល់ផលវិជ្ជមានដល់អ្នកផងដែរ។ វាពិតជាសំខាន់ណាស់សម្រាប់អ្នកក្នុងការចំណាយពេលសម្រាក និងប្រមូលថាមពលរបស់អ្នកឡើងវិញ ពីព្រោះ នៅពេលអ្នកមើលថែខ្លួនអ្នកបាន នោះអ្នកនឹងមានកម្លាំងមើលថែ ឬធ្វើអ្វីគ្រប់យ៉ាង ទាំងការមើលថែគ្រួសារ និងខ្លួនអ្នក៕
អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ ផេកអ្នកឧកញ៉ា គិត ម៉េង