នាវា Riviera ដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ១ ១០០ នាក់ ចូលចត​កំពង់ផែសមុទ្រខេត្តព្រះសីហនុ

នាវា​ទេសចរណ៍​បរទេស ១ គ្រឿង ឈ្មោះ Riviera បាន​នាំ​ភ្ញៀវ​ទេសចរ​បរទេស​ចម្រុះ​ជាតិសាសន៍​ជិត ១ ២០០ នាក់ ស្មើនឹង២៦សញ្ជាតិ បាន​ធ្វើ​ដំណើរ​តាម មក​ចូល​សុំ​ចត​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​មួយ​ថ្ងៃ​តាម​ច្រក​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ប្រកប​ដោយ​សុវត្ថិភាព នា​ព្រឹក​ថ្ងៃ​សុក្រ ទី១៧ ខែ​មករា ឆ្នាំ២០២៥។

តាមដានជាមួយយើង៖ Million Times

នៅព្រឹកថ្ងៃទី១៧ ខែ​មករា ឆ្នាំ ២០២៥ នាវា​ទេសចរណ៍​បរទេស ១ គ្រឿង​ឈ្មោះ Riviera មាន​សញ្ជាតិ Marshall Island មាន​បណ្ដោយ ២៣៩.៣០ ម៉ែត្រ ទទឹង ៣២.២០ម៉ែត្រ ជម្រៅ​ទឹក ៧.៤០ម៉ែត្រ បាន​នាំ​ភ្ញៀវ​ទេសចរ​បរទេស​ចម្រុះ​ជាតិសាសន៍ ១ ១៣០ នាក់ ក្នុង​នោះ​ស្រី ៥៨៥ នាក់ ស្មើ​នឹង ២៦ សញ្ជាតិ និង​មាន​នាវិក​សរុប ៧៥៦ នាក់ ស្រី ១៦៥ នាក់ ស្មើនឹង ៤៨ សញ្ជាតិ។

នាវា​ទេសចរណ៍ Riviera បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ប្រទេស​ថៃ ចូល​សំចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ វេលា​ម៉ោង ៨៖៤០ នាទី ព្រឹក​ថ្ងៃ ១៧ ខែ​មករា ឆ្នាំ ២០២៥ និង​មាន​គម្រោង​ចាកចេញ​ពី​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ វេលា​ម៉ោង ២០ ថ្ងៃ១៧ ខែ​មករា ឆ្នាំ ២០២៥ ឆ្ពោះ​ទៅ​កាន់​កំពង់ផែ​ប្រទេស​វៀតណាម។

ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​តាម​នាវា Riviera ដែល​មាន​សញ្ជាតិ​ច្រើន​ជាង​គេ​គឺ​អាមេរិក ៧៩២ នាក់ កាណាដា ១៣៨ នាក់ ក្រៅពី​នោះ​មាន​សញ្ជាតិ​ផ្សេងៗ។ មាន​ភ្ញៀវ​ទេសចរ​ចុះ​ពី​នាវា​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ចេញ​ទៅ​ទស្សនកិច្ច​អង្គរ ខេត្ត​សៀមរាប មាន ៣២ នាក់។ ភ្ញៀវ​ទេសចរ​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ក្រុង​នៃ​ខេត្ត​ព្រះសីហនុ ដូចជា តំបន់​ភូមិនេសាទទំនប់រលក សង្កាត់លេខ១ ទីប្រជុំ​ជន​ផ្សារលើ តំបន់​ឆ្នេរ​សមុទ្រ រូប​សំណាកតោពីរ តំបន់​វប្បធម៌​ដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ ក្នុងក្រុងព្រះសីហនុ។ តំបន់អភិឌ្ឍន៍ Boy of light រូប​សំណាក​ព្រះថោង​នាងនាគ មជ្ឈមណ្ឌល​វិបស្សនាធុរៈគិរីនាគវ័ន (វត្តសមាធិ) និងទស្សនកិច្ចសាលាបឋមសិក្សាបិតត្រាំង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕

អត្ថបទ៖ រូបភាព៖ information