អាស៊ានត្រូវបានចាត់ទុកជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានកំណើនសេដ្ឋកិច្ចជឿនលឿនបំផុតមួយ ហើយក៏ជាកន្លែងប្រមូលផ្ដុំឧស្សាហកម្មយានយន្តធំៗផងដែរ។
តាមការស្រាវជ្រាវពីទស្សនាវដ្ដី Campaign Asia បានបង្ហាញថា ម៉ាកយីហោឡានដែលពេញនិយមបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ គឺម៉ាក Perodua របស់ប្រទេសម៉ាឡេស៊ី ខណៈម៉ាកយីហោខ្នាតយក្សជប៉ុន Toyota និង Honda ដែលជាប្រេនលំដាប់ពិភពលោកជាប់លេខរៀងទី២ និងទី៣ ស្របពេលរថយន្តចិន Geely ទទួលបានចំណាត់ថ្នាក់ទី៤។


ប្រភពដដែលនេះបន្ថែមថា រថយន្តម៉ាក Perodua ទទួលបានពិន្ទុខ្ពស់បំផុត ដោយផ្អែកលើការស្រង់មតិពីទីផ្សារចំនួន៦ រួមមានឥណ្ឌូណេស៊ី ថៃ ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និងប្រទេសសិង្ហបុរី។
ដើម្បីអាចកំណត់ការវាយតម្លៃបាន ទស្សនារដ្ដីខាងលើដាក់ពិន្ទុលើគោលការណ៍សំខាន់ៗដូចជា កត្តាតម្លៃ គុណភាព បទពិសោធន៍ប្រើប្រាស់ ការជឿទុកចិត្តពីអតិថិជន ភាពច្នៃប្រឌិត បច្ចេកវិទ្យារថយន្ត និងសេវាកម្មបម្រើអតិថិជនជាដើម។
រថយន្ត Perodua គឺជាផលិតផលក្នុងស្រុករបស់ប្រទេសម៉ាឡេស៊ី បង្កើតឡើងតាំងពីឆ្នាំ១៩៩៣ ហើយវាល្បីល្បាញខ្លាំងក្នុងស្រុក ចំពោះកត្តាតម្លៃសមរម្យ ងាយស្រួលប្រើប្រាស់ និងសន្សំសំចៃប្រេង៕

អត្ថបទ៖ Luffy រូបភាព៖ Perodua